អំពីកូនចាបមាស

កូនចាបមាស គ្រាន់តែជាឈ្មោះនាមប៉ាកកាដែលខ្ញុំប្រើជំនួសឱ្យឈ្មោះពិតរបស់ខ្ញុំ។ អត្ថន័យពិតរបស់វាគឺ សេរីភាព សាមញ្ញភាព និងក្ដីស្រឡាញ់។ មិនមែនមានតែមនុស្សទេដែលត្រូវការសេរីភាព សូម្បីតែសត្វបក្សីក៏វាត្រូវការសេរីភាពរបស់វាដែរ។ សត្វបក្សីមិនរីករាយ ឬរំភើបដោយសារតែវាបានរស់នៅក្នុងទ្រុងមាសទេ តែជីវិតវានឹងមានតម្លៃ ហើយរីករាយ ប្រសិនបើមនុស្សយើងបានអនុញ្ញាតិឱ្យវារស់នៅក្នុងភាពជាសត្វ។ អ្នកខ្លះបង្ខាំងសត្វក្នុងទ្រុង ហើយដាក់ចំណីឱ្យវា ដោយនិយាយថា “ខ្លួនស្រឡាញ់សត្វ”។ បើស្រឡាញ់វា គឺត្រូវទុកឱ្យវាបានហើរទៅគ្រប់ទីកន្លែង និងកុំតាមសម្លាប់ ធ្វើបាបវា ទុកឱ្យធម្មជាតិលូតលាស់ឡើងដើម្បីជាជម្រករបស់វា នោះហើយជាអត្ថន័យនៃក្ដីស្រឡាញ់។

ខ្ញុំបានដាក់ឈ្មោះនេះដំបូងនៅដើមឆ្នាំ២០១៦ ហើយព្រមជាមួយគ្នានេះដែរ ដើមឆ្នាំនោះក៏ជាពេលវេលាមួយដែលខ្ញុំចាប់ផ្ដើមបង្កើតទំព័រហ្វេសប៊ុកមួយឈ្មោះថា “សៀវភៅជីវិត”។ នៅលើទំព័រហ្វេសប៊ុកមួយនោះ ខ្ញុំបានចំណាយពេលវេលារបស់ខ្ញុំមួយចំនួនតូចដើម្បីសរសេរអត្ថបទចែករំលែកជារៀងរាល់ថ្ងៃ។ រហូតដល់ចុងឆ្នាំ២០១៧ ស្នាដៃដំបូងរបស់ខ្ញុំក៏បានចេញផ្សាយ។ វាមានចំណងជើងថា “វិញ្ញាសាជីវិត” ហើយ១ឆ្នាំក្រោយមកគឺនៅក្នុងអំឡុងខែតុលា ឆ្នាំ២០១៨ វាក៏បានប្រែក្លាយជាគ្រឹះស្ថានបោះពុម្ពផ្សាយមួយក្នុងចំណោមគ្រឹះស្ថានបោះពុម្ពផ្សាយជាច្រើននៅកម្ពុជា។

ក្រោយមក ខ្ញុំបានសម្រេចចិត្តចាកចេញពីគ្រឹះស្ថានបោះពុម្ពផ្សាយ “សៀវភៅជីវិត” ដោយសារបញ្ហាមួយចំនួន ហើយក៏បានបោះពុម្ពផ្សាយស្នាដៃទាំងអស់របស់ខ្ញុំដោយខ្លួនឯងវិញម្ដង។ គោលបំណងនៃការបង្កើតគេហទំព័រមួយនេះឡើង វាក៏មិនបានឃ្លាតចាកឆ្ងាយពីគោលបំណងដើម ឬគោលបំណងរបស់ខ្ញុំដំបូងនោះឡើយ។ រឿងសំខាន់តែមួយគត់គឺទាក់ទងនឹងការចែករំលែក។ ខ្ញុំពុំបានគិតថា ខ្ញុំមានអ្វីច្រើនជាងអ្នកដទៃនោះទេ តែខ្ញុំគិតថាប្រសិនបើវាមានប្រយោជន៍ ឬអាចយកជាប្រយោជន៍បាន អ្នកណាក៏អាចទទួលបានដែរចំពោះការចែករំលែកនេះ។

មែនទែនទៅ ទំព័រហ្វេសប៊ុក កូនចាបមាសជាឈ្មោះរបស់ខ្ញុំគឺទើបតែបានបង្កើតនៅក្នុងអំឡុងខែតុលា ឆ្នាំ២០១៨។ មូលហេតុដែលខ្ញុំបង្កើតទំព័រហ្វេសប៊ុកមួយនេះឡើង គឺដោយសារតែទំព័រហ្វេសប៊ុក “សៀវភៅជីវិត” ត្រូវបានប្រើប្រាស់ជាទំព័រផ្លូវការដែលតំណាងឱ្យគ្រឹះស្ថានបោះពុម្ពផ្សាយ ដែលវាមិនមែនជារបស់ខ្ញុំទៀតទេ តែជារបស់គ្រឹះស្ថាន។ ខ្ញុំចង់មានទំព័រហ្វេសប៊ុកមួយដែលជារបស់ខ្លួនឯង ដូច្នេះ ខ្ញុំនឹងមានសេរីភាពចែករំលែកអ្វីជាច្រើនទៀត ដែលពេលខ្លះវាមិនមែនផ្លូវការពេកទេ​ តែក៏សម្រាប់ជាការកម្សាន្តអារម្មណ៍ ឬការបានជជែកលេងសើចជាមួយអ្នកអានទូទៅនៅលើបណ្ដាញសង្គម។ ប៉ុន្តែក្រោយការចាកចេញ និងការបោះបង់ចោលការងារទាំងអស់នៅក្នុងគ្រឹះស្ថាន “សៀវភៅជីវិត” ខ្ញុំក៏បានចំណាយពេលវេលារបស់ខ្ញុំស្ទើរតែទាំងអស់ដើម្បីផ្ដោតតែលើទំព័រហ្វេសប៊ុកកូនចាបមាស និងការចែករំលែកអត្ថបទខ្លះៗដល់មិត្តអ្នកអានលើបណ្ដាញសង្គម។

ជាចុងក្រោយ ខ្ញុំសង្ឃឹមថា គេហទំព័រនេះនឹងក្លាយជាមធ្យោបាយចែករំលែកថ្មីមួយទៀតដែលមិត្តអ្នកអានអាចតាមដាន ឬអានអត្ថបទចែករំលែកបាន។ ក្រៅពីនោះមិត្តអ្នកអានក៏អាចស្វែងរកសៀវភៅ ឬស្នាដៃផ្សេងៗទៀតដែលខ្ញុំបានបោះពុម្ពផ្សាយដោយផ្ទាល់ផងដែរ។