ទទួលស្គាល់ និងទទួលយក
ការដែលចង់បញ្ជាខួរក្បាលឱ្យឈប់គិតពីរឿងដែលយើងចង់បំភ្លេចចោល វាមិនខុសពីការចង់បញ្ជាបេះដូងឱ្យឈប់លោត នៅខណៈដែលយើងត្រូវការដង្ហើមដកនោះទេ។ ផ្នែកខ្លះនៃរាងកាយគឺយើងអាចបញ្ជាបាន ប៉ុន្តែផ្នែកខ្លះទៀត វាដំណើរការទៅដោយគ្មានការបញ្ជាពីយើង ព្រោះវាហួសពីការអាចគ្រប់គ្រងបាន។ យើងអាចបញ្ជាការលើកដៃឡើង ទម្លាក់ដៃចុះ ងាកមុខ ឈានជើងទៅមុខ ឬថយក្រោយ...តែយើងបញ្ជាបេះដូងមិនឱ្យលោតគឺមិនបាន បញ្ជាដង្ហើមមិនឱ្យដកគឺមិនបាន បញ្ជាប្រព័ន្ធឈាមឱ្យឈប់ដំណើរការគឺធ្វើមិនបាន។ រឿងនេះ បើប្រៀបធៀបមកជីវិតយើងវិញ មានរឿងខ្លះ វាលើសពីការគ្រប់គ្រងរបស់យើង។ ដូច្នេះ ការសម្របខ្លួនទៅនឹងស្ថានភាពជាក់ស្ដែង ពេលខ្លះវាជាជម្រើសដ៏ល្អបំផុត ព្រោះការដែលប្រឆាំងនឹងរឿងដែលមិនអាចទៅរួច វាមានតែផ្លូវស្លាប់ប៉ុណ្ណោះ។