តម្លៃ: ៣២០០០ រៀល
រាប់ចាប់ពីស្នាដៃទី១ សៀវភៅ “ប្រតិទិនទស្សនៈ៣៦៥ថ្ងៃ”, ស្នាដៃទី២ សៀវភៅ “ប្រតិទិនទស្សនៈ២២២ថ្ងៃ”, ស្នាដៃទី៣ សៀវភៅ “អំណានជាអំណាច”, ស្នាដៃទី៤ សៀវភៅ “ដំណើរស្វែងរកខ្លួនឯង”, ស្នាដៃទី៥ សៀវភៅ “អំណាចកម្ម”, ខ្ញុំមិនទាន់មានទំនុកចិត្តសរសេរចែករំលែកចំតួអំពីប្រធានបទភាពជាអ្នកដឹកនាំនៅឡើយទេ តែលុះដល់រយៈពេលចុងក្រោយនេះ ទើបខ្ញុំចំណាយពេលវេលាសិក្សាស្រាវជ្រាវច្រើន ឈ្វេងយល់ពីគ្រប់មជ្ឈដ្ឋានគំនិតទស្សនៈ រហូតអាចសម្រេចស្នាដៃទី៦ បានដោយជោគជ័យ ពោលគឺសៀវភៅ “ដួងព្រលឹងមេដឹកនាំ”។ ចុះចំណែកឯស្នាដៃទី៧ នេះវិញ សៀវភៅដែលមានចំណងជើងថា “កំណត់ត្រាគំនិត” នេះសរសេរពីប្រធានបទអ្វីវិញ?
ពីដំបូងឡើយ កំណើតនៃសៀវភៅនេះជាកំណត់ត្រាគំនិតដែលបានផុសឡើងក្នុងចិត្តគំនិតរបស់ខ្ញុំរៀងរាល់ថ្ងៃ។ ខ្ញុំមានអត្តចរិតចូលចិត្តគិតពិចារណា ចូលចិត្តអានច្រើន ហើយមានចំណូលចិត្តកត់ត្រានូវគំនិតណាដែលប្លែកៗ គំនិតល្អៗទាំងឡាយណាដែលខ្ញុំយល់ថាមានប្រយោជន៍សម្រាប់ខ្លួនឯងផងនិងអ្នកដទៃផង។ នេះជាប្រវត្តិនៃចំណងជើងស្នាដៃ។ ខ្ញុំមានចេតនាចង់ឱ្យអ្នកអានគ្រប់ៗរូបបង្កើតទម្លាប់កត់ត្រាគំនិត មានកំណត់ហេតុផ្ទាល់ខ្លួន យកមេរៀនដែលខ្លួនបានឆ្លងកាត់ប្រចាំថ្ងៃមកកត់ត្រាទុកជាប្រវត្តិជាបទពិសោធសម្រាប់កូនចៅ ឬអ្នកជំនាន់ក្រោយ។ ខ្ញុំចាត់ទុកសមិទ្ធផលនាឆ្នាំ២០២៣នេះជាស្នាដៃទទេ ឥតពិសេសអ្វីទាំងអស់ ជាស្នាដៃដែលខិតទៅរកភាពសាមញ្ញ មិនអស្ចារ្យ។ ប៉ុន្តែភាពសាមញ្ញនេះជាអ្វីដែលមិនមែនសាមញ្ញ ហើយទទេដែលមានសភាពពេញបរិបូណ៌!
ជីវិតជាការរៀនសូត្រ រៀនពេញមួយជីវិត មិនចេះចប់មិនចេះអស់ ហើយអ្នកណាដែលបន្តការរៀន បន្តការអានជាប្រចាំ បន្តការឈ្វេងយល់ពីជីវិត ស្មើនឹងបន្តជីវិត។ ប្រធានបទអំពីជីវិតនេះ មនុស្សជាតិបានផ្តល់បទពិសោធ បន្សល់ទុកបទពិសោធរាប់ជំនាន់មកហើយ ហើយរៀនមិនចេះអស់ឡើយ។ ស្នាដៃរបស់ខ្ញុំគ្រប់ចំណងជើង គឺសុទ្ធតែមិនទៅណាឆ្ងាយពីប្រធានបទជីវិត ដូចជាទស្សនៈអំពីជីវិត ទស្សនៈអំពីចិត្តវិញ្ញាណ ឬសាសនា ទស្សនៈអំពីការដឹកនាំ ទស្សនៈអំពីសង្គម និងទស្សនៈអំពីនយោបាយឡើយ។ គំនិតទស្សនៈទាំងអស់នេះ ទោះបីជារៀនពេញមួយជីវិត ក៏គ្មានអ្នកណារៀនអស់ដែរ។ ចុះតើហេតុអ្វីត្រូវឈ្វេងយល់អំពីទស្សនៈទាំងអស់នេះ?
ពេលយើងគ្មានចំណេះដឹង ឬអវិជ្ជា យើងយល់ថា “ជីវិតគឺរស់នៅដើម្បីតែខ្លួនឯងម្យ៉ាងទេ” តែពេលយើងមានចំណេះដឹង ឬមានវិជ្ជា, យើងនឹងមើលឃើញយ៉ាងច្បាស់ថា “ជីវិតមិនមែនជាការរស់នៅដើម្បីតែខ្លួនឯងតែម្យ៉ាងទេ តែត្រូវរស់នៅធ្វើប្រយោជន៍ដល់អ្នកដទៃផងដែរ។” ជីវិតគ្មានន័យឡើយ បើរស់នៅដើម្បីតែខ្លួនឯង ហើយដើម្បីប្រើប្រាស់ជីវិតរស់នៅកសាងប្រយោជន៍ដល់អ្នកដទៃបាន ទាល់តែយើងធ្វើខ្លួនជាមនុស្សមានប្រយោជន៍ជាមុនសិន។ ដើម្បីឱ្យយើងក្លាយខ្លួនទៅជាជនមានប្រយោជន៍ ទាល់តែយើងខិតខំប្រឹងប្រែងរៀនសូត្រ មានចំណេះដឹង មានការគិតត្រឹមត្រូវ មានចិត្តមេត្តាករុណាជាមុនសិន។ និយាយរួម ដើម្បី “ផ្តល់ឱ្យ” ទាល់តែយើង “មាន” ជាមុនសិន ពោលគឺទាល់តែយើងមានចំណេះដឹង ទើបអាចផ្តល់ចំណេះដឹងដល់អ្នកដទៃបាន, ទាល់តែយើងមានសេចក្តីសុខក្នុងខ្លួនឯង ទើបអាចផ្តល់សេចក្តីសុខដល់អ្នកដទៃទៅបាន, ទាល់តែយើងខ្លាំងក្នុងខ្លួនឯងជាមុនសិន ទើបអាចផ្តល់កម្លាំងដល់អ្នកដទៃទៅបាន។ល។ ដើម្បីផ្តល់ឱ្យ គឺទាល់តែយើងមាន ហើយដើម្បីឱ្យយើងមាន គឺទាល់តែយើងប្រឹងប្រែង ប្រឹងរៀនសូត្រ ប្រឹងក្រេបយកចំណេះដឹង ធ្វើខ្លួនជាមនុស្សត្រឹមត្រូវ មានមេត្តាករុណា គិតប្រយោជន៍រួមជាធំ។
ដោយប្រការនេះឯង ទើបយើងត្រូវតែប្រកាន់មារយាទខិតខំក្នុងជីវិត ខំរៀន ខំអានជាប្រចាំ ខំស្អាងខ្លួន ទូន្មានចិត្តប្រព្រឹត្តតាមធម៌ ធ្វើខ្លួនឱ្យសុចរិតត្រឹមត្រូវ ខំឈ្វេងយល់ពីជីវិតឱ្យបានច្រើន។ ខ្ញុំមានក្តីសង្ឃឹមថា “បងប្អូនអ្នកអានសៀវភៅនេះ ចូរអានប្រកបដោយការត្រិះរិះពិចារណាខ្ពស់ សិក្សាឈ្វេងយល់ឱ្យអស់ពីលទ្ធភាព។ លើសនេះទៅទៀត ការរំលែក ឬផ្តល់ឱកាសឱ្យអ្នកដទៃបានខ្ចីអានបន្ត គឺជាការណ៍ដ៏ប្រសើរថ្លៃថ្លាបំផុត ។”
ពោធិ៍សាត់ ថ្ងៃអាទិត្យ ១៥កើត ខែបឋមាសាឍ ឆ្នាំថោះ ព.ស. ២៥៦៧
ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣
ជាថ្ងៃសីល និងពេញបូណ៌មី