សៀវភៅរបស់អ្នកនិពន្ធ ...

ទម្រាំដឹងខ្លួនថាត្រូវការអ្វី

និពន្ធដោយ៖ សែត ហត្ថា (កូនចាបមាស)

តម្លៃ:​ ៣២០០០ រៀល
អត្ថបទ​នៅ​ទីនេះ ខ្ញុំ​សរសេរ​ដើម្បី​ផ្ញើ​ជូនចំពោះ​យុវវ័យ​ទាំងអស់​ដែល​មានឱកាស​បាន​កាន់​សៀវភៅ​មួយ​នេះ។ ដោយ​ឆ្លងកាត់​ភាពជា​យុវវ័យ​កន្លងមក ខ្ញុំ​បានដឹង​ថា​វា​ជា​វ័យ​មួយ​ដែល​ត្រូវ​ប្រឈម​ជាមួយ​ក្ដី​វិ​បត្ដិ​ច្រើន វា​ជា​ពេលវេលា​មួយ​ដែល​ចិត្តគំនិត និង​ស្មារតី​របស់​យើង​កំពុង​លូតលាស់ ហើយ​វា​ពុះកញ្ជ្រោល​យ៉ាង​ខ្លាំងក្លា។ ភាព​ភ័យខ្លាច អារម្មណ៍​ប្រែប្រួល​ឆាប់​អន់ចិត្ត ឆាប់​រំជើបរំជួល​ផ្លូវ​អារម្មណ៍​ដ៏​ពិបាក​គ្រប់គ្រង​តែង​កើតមានឡើង​ជា​ញឹកញាប់​ចំពោះ​មនុស្ស​ដែល​ស្ថិតនៅ​ក្នុង​វ័យ​នេះ។ វ័យ​នេះ​ជា​វ័យ​ដែល​សមនឹង​ទទួល​បានការ​យកចិត្ត​ទុកដាក់​ខ្លាំង​បំផុត ប៉ុន្តែ​ភាព​ព្រងើយកន្តើយ​ដែល​យើង​ជា​យុវវ័យ​មាន​ចំពោះខ្លួន​ឯង និង​អ្វី​ដែល​គ្រួសារ ឬសង្គម​របស់​យើង​រំពឹង​ចង់បាន​ពី​យើង​គឺ​វា​ស្ទើរតែ​ផ្ទុយគ្នា​ស្រឡះ។ ដោយ​ឆ្លងកាត់​ពេលវេលា និង​ស្ថានភាព​ឡើងចុះ​មិនឈប់ឈរ​នៃ​ជីវិត​កន្លងមក​នេះ ខ្ញុំ​បាន​ដកស្រង់​យក​បទ​ពិ​សោ​ធខ្លះៗពី​ជីវិត​ផ្ទាល់ខ្លួន​ខ្ញុំ បទ​ពិសោធ​ពី​ការ​ចេញទៅ​ក្រៅ​ដើម្បី​ចួប​ជជែក​ជាមួយ​មនុស្ស​ដែល​មាន​បញ្ហា និង​បទ​ពិសោធ​ខ្លះ​ពី​ការ​ទទួល​បាន​តាមរយៈ​ការ​អាន ការ​ស្ដាប់ ការសង្កេត និង​ការ​ត្រិះរិះ​ពិចារណា​របស់ខ្ញុំ ហើយ​បាន​សរសេរ​ចេញ​ជា​អត្ថ​បទ​ខ្លីៗទុកជា​ការ​លើកទឹកចិត្ត និង​ពិចារណា ។ ក្នុង​បទ​សំណេរ​ទាំងអស់​នេះ ខ្ញុំ​បាន​និយាយ​ពី​ទំនាក់ទំនង​របស់​យើង​ជាមួយ​គ្រួសារ ទំនាក់ទំនង​ជាមួយ​មនុស្ស​ក្នុង​សង្គម ការ​លះបង់​ចំពោះ​សេចក្ដី​ស្រឡាញ់ ការកំណត់​គោលដៅ ឬបុព្វហេតុ និង​ការរៀបចំ​ផែនការ​ជីវិត ការ​ជឿជាក់​ចំពោះខ្លួន​ឯង ការ​អត់ធ្មត់​ជាមួយ​បញ្ហា ព្រមទាំង​ការ​ផ្ដល់​ឱកាស​ឱ្យ​ខ្លួនឯង​ទទួលយក​ការផ្លាស់ប្ដូរ​ដើម្បី​អភិវឌ្ឍ​ខ្លួន​ជាដើម។ ចូរ​ចងចាំ​ថា​យើង​នឹង​ទៅដល់​គោលដៅ ប្រសិនបើ​យើង​ចាប់ផ្ដើម​ចេញដំណើរ ប៉ុន្តែ​ដំណើរ​ដ៏​វែងឆ្ងាយ​នេះ វា​នឹង​មិន​ធានា​ឱ្យ​យើង​នូវ​ភាព​ងាយស្រួល​ទេ។ យើង​អាច​ចួប​ឧបសគ្គ​ជាច្រើន​នៅ​តាមផ្លូវ ប៉ុន្តែ​ឧបសគ្គ​ទាំងនោះ​នឹង​បង្រៀន​យើង​ពីរ​បៀ​បទប់​ទល់​បញ្ហា ឱ្យ​យើង​ចេះ​ខាំមាត់​អត់ធ្មត់ ហើយ​ប្រឹងប្រែង​តស៊ូ​យ៉ាង​ស្វិតស្វាញ​ដើម្បី​ទប់​ជំហរ​របស់​យើង។ បើ​យើង​ស្គាល់​ការ​លំបាក​ដោយ​ការ​ធ្វើដំណើរ នោះ​យើង​នឹង​ស្គាល់​តម្លៃ​នៃ​គោលដៅ​ពេល​យើង​បាន​ទៅដល់។ វា​អាច​មាន​មធ្យោបាយ​ស្រួល ឬលំ​បា​កខុសៗគ្នា​ដើម្បី​សម្រេច​បំណងប្រាថ្នា​របស់​យើង ដោយ​អាស្រ័យ​ទៅលើ​ស្ថានភាព​ជាក់ស្ដែង​របស់​យើង​ម្នា​ក់ៗ ប៉ុន្តែ​វា​អត់មាន​ផ្លូវកាត់​ទេ ព្រោះ​គ្រប់យ៉ាង​គឺ​ត្រូវ​ទទួល​បាន​មក​ដោយ​ការ​សន្សំ​ម្ដង​បន្ដិចៗ។ បើ​យើង​គ្រាន់តែ​មានបំណង​ប្រាថ្នា​ដ៏​ពុះកញ្ជ្រោល​តែ​ម្យ៉ាង​វា​មិន​គ្រប់គ្រាន់​ឡើយ ប៉ុន្តែ​វា​ត្រូវតែ​ជា​បំណងប្រាថ្នា​ដ៏​ច្បាស់លាស់ ហើយ​ដាក់ចិត្ត​ដាក់​កាយ​ក្នុង​ការ​លះបង់​ខ្ពស់​បំផុត​ដើម្បី​វា។ យើង​មិន​អាច​ប្រាថ្នា​ឃើញ​ខ្លួនឯង គ្រួសារ ឬសង្គមជាតិ​របស់​យើង​រីកចម្រើន​ដោយ​គ្មាន​ការចូលរួម​ក្នុង​ការ​ប្រឹងប្រែង និង​លះបង់​របស់​យើង​នោះ​ទេ។ ទាល់តែ​យើង​ម្នា​ក់ៗអាច​អភិវឌ្ឍ​នូវ​សមត្ថភាព​របស់​ខ្លួន ពេលនោះ​ទើប​យើង​អាច​ជួយ​អភិវឌ្ឍ​គ្រួសារ និង​សង្គមជាតិ​របស់​យើង​បាន ហើយ​ទាល់តែ​មានការ​ចូលរួម​ពី​យើង​ម្នា​ក់ៗ នោះ​ទើប​មានការ​រួបរួម​មួយ​ដ៏​ប្រសើរ​នា​ពេល​អនាគត។ “ភាពជា​យុវវ័យ​ត្រូវការ​នូវ​ការ​សប្បាយ ប៉ុន្តែ​បើ​យើង​រវល់​តែ​សប្បាយ​ភ្លេចខ្លួន យើង​នឹង​ក្លាយជា​មូលហេតុ​នៃ​សេចក្ដី​ឈឺចាប់​របស់​មនុស្ស​ជំនាន់​ក្រោយ​ដោយ​ចៀស​មិន​ផុត​ឡើយ!”

១០០១ថ្ងៃ

និពន្ធដោយ៖ សែត ហត្ថា (កូនចាបមាស)

តម្លៃ:​ ៣២០០០ រៀល
(កំពុងបើកកក់)
កាដូដ៏មានតម្លៃបំផុតពីមនុស្សដែលយើងស្រឡាញ់ពិតប្រាកដ មិនមែនគេអាចផ្តល់អ្វីៗដែលយើងចង់បានមកឱ្យយើងនោះទេ តែគឺជាការដែលគេអាចទទួលយកគ្រប់យ៉ាងដែលជាយើងដោយពេញចិត្ត។ សៀវភៅ​នេះ​គ្រាន់តែ​ជា​ទំព័រ​កំណត់ហេតុ​នៃ​អនុស្សាវរីយ៍ និង​ការ​ចងចាំ​ដែល​ខ្ញុំ​រម្លឹក​ឡើងវិញ ដោយ​ខ្ញុំ​គ្រាន់តែ​សង្ឃឹមថា នៅក្នុង​ទំព័រ​កំណត់​ហេតុ​នេះ​ គឺ​ច្បាស់ជា​មាន​ពាក្យពេចន៍ ឬឃ្លា​ប្រយោគ​​ណាមួយ​ដែល​អាច​ផ្តល់​ឱ្យ​អ្នកអាន​នូវ​ស្នាមញញឹម ហើយ​ចួនកាល​ទៀត វា​ក៏អាច​មាន​ឃ្លាប្រយោគ​ដែល​អ្នកអាន​ផ្ទាល់​ធ្លាប់​គិត​ផង​ក៏​មាន!

ផ្ដើមពីក្ដីសុបិន

និពន្ធដោយ៖ សែត ហត្ថា (កូនចាបមាស)

តម្លៃ:​ ៣៥០០០ រៀល
មនុស្ស​ម្នា​ក់ៗ​តែងតែ​គិតថា បញ្ហា​របស់​ខ្លួន​ធំជាង​បញ្ហា​របស់​អ្នកដទៃ តែ​តាមពិត​ទៅ គ្រប់គ្នា​គឺ​មាន​កញ្ចប់​បញ្ហា​ធំ​តូ​ចរៀងៗ​ខ្លួន ដែល​ត្រូវ​ប្រឈមមុខ​ដោះស្រាយ ហើយ​មានតែ​សមត្ថភាព​ខ្លាំង ឬខ្សោយ​របស់​យើង​ប៉ុណ្ណោះ ដែល​អាច​វាយតម្លៃ​លើ​បញ្ហា​នោះ ថា​វា​ធំ ឬតូច​កម្រិត​ណា​ចំពោះ​យើង។ ចំពោះ​ក្ដី​ស្រមៃ​របស់​យើង​ម្នា​ក់ៗ​វិញ​ក៏​ដូចគ្នា។ ក្ដី​ស្រមៃ​ខ្លះ វា​អាច​គ្រាន់តែ​ជា​រឿង​សាមញ្ញ​ធម្មតា​ក្នុង​ក្រសែភ្នែក​អ្នកដទៃ តែ​វា​មានតម្លៃ​ដែល​យើង​ត្រូវ​តស៊ូ​ជម្នះ​ឈោង​ចាប់​វា។ ប្រសិនបើ​គ្មាន​អ្នកណា​រំភើប​ជាមួយ​ក្ដី​ស្រមៃ​របស់​អ្នក​ទេ ចូរ​អ្នក​រំភើប​ជាមួយ​វា​ដោយខ្លួនឯង ព្រោះ​ក្ដី​ស្រមៃ​ទាំងអស់​ហ្នឹងហើយ​ដែល​ដាស់​អ្នក​ឱ្យ​ស្ទុះស្ទា​ក្រោកពីដំណេក​ជា​រៀងរាល់​ព្រឹក​ប្រកបដោយ​ថាមពល​ដ៏​អស្ចារ្យ។