សៀវភៅរបស់អ្នកនិពន្ធ ...

រស់ជាពន្លឺ

និពន្ធដោយ៖ យុន ចាន់វណ្ណៈ

តម្លៃ:​ ៣២០០០ រៀល
ការដែល​អាច​សង្កេត​ដឹង​អារម្មណ៍​ខ្លួនឯង អំឡុង​ពេល​ធ្លាក់ទឹក​ចិត្ត វា​ជា​ឱកាស​ទាញ​ខ្លួនឯង​ឱ្យ​ចាកចេញ​ពី​ជំងឺ​បាក់ទឹកចិត្ត។ ជាទូទៅ​មនុស្ស​ដែល​មិន​យល់​អារម្មណ៍​ខ្លួនឯង តែងតែមាន​អារម្មណ៍​ច្របូកច្របល់ ស្រ្តេស បន្ទោស​ខ្លួនឯង បន្ទោស​អ្នកដទៃ បន្ទោស​ស្ថានការណ៍​ក្នុង​ជីវិត ដែល​តែងតែ​ធ្វើ​ឱ្យ​ខ្លួន​ខកបំណង។ ការ​ទទួលស្គាល់​ខ្លួនឯង គឺជា​សេរីភាព ហើយ​ការ​ទទួលស្គាល់​ការពិត គឺជា​ពន្លឺ។ បើ​ជីវិត​ចួប​ការ​លំបាក ចូរ​កុំ​បន្ទោស​ធម្មជាតិ ឬពិភពលោក តែ​ចូរ​ប្តូរ​ការ​គិត និង​ឥរិយាបថ។ ហេតុផល​ដែល​ធ្វើ​ឱ្យ​មនុស្ស​មិន​រីករាយ ឬធ្លាក់ទឹក​ចិត្ត ព្រោះ​រស់​មិនមែន​ជា​ខ្លួនឯង តែ​ចូលចិត្ត​សម្តែង ចូលចិត្ត​ប្រៀបធៀប។ល។ សូម​ឱ្យ​សៀវភៅ​មួយ​ក្បាល​នេះ អាច​ក្លាយជា​មិត្ត​ដ៏​ល្អ​ម្នាក់​ដែល​នៅ​កំដរ​ប្រិយមិត្ត​អ្នកអាន នៅពេល​ដែល​ត្រូវការ​កម្លាំងចិត្ត និង​មិត្ត​ស្និទ្ធស្នាល​ស្តាប់​សម្លេង​ចេញពី​ចិត្ត។

បេះដូង ឬខួរក្បាល

និពន្ធដោយ៖ យុន ចាន់វណ្ណៈ

តម្លៃ:​ ៣២០០០ រៀល
សម្រាប់​សៀវភៅ បែប​លើកទឹកចិត្ត និង​អភិវឌ្ឍ​គំនិត​ខ្នាត​តូច​មួយ​នេះ ខ្ញុំ​បាន​ព្យាយាម​ចងក្រង និង​ធ្វើការ​បែងចែក​វា​ចេញ​ជា​បី​ផ្នែក​ធំៗដែល​នៅក្នុង​នោះ គឺ​និយាយ​អំពី​ការស្វែងរក​ខ្លួនឯង ដើម្បី​ឱ្យ​មនុស្ស​ម្នា​ក់ៗ បាន​ស្គាល់​ពី​អ្វី​ដែល​ជា​ធម្មជាតិ​របស់​ខ្លួនឯង​ពិតប្រាកដ​ហើយ​ព្រម​ទទួលយក​ខ្លួនឯង​ក្នុងនាម​ជា​ខ្លួនឯង ដោយ​មិនបាច់​ខ្លាច​ពី​ភាព​ឯកា ពី​ការ​មិនព្រម​ទទួលយក​ពី​អ្នកដទៃ។ មនុស្ស​មួយចំនួន​តែង​ត្រូវ​បាន​ទទួលការ​បន្តុះ​បង្អាប់ និង​មិន​មានការ​ទទួលស្គាល់​ពី​មនុស្ស​នៅក្នុង​សង្គម​ដែល​ខ្លួន​កំពុង​រស់នៅ​ជាមួយគ្នា ទាំង​ដែល​ពេលខ្លះ​វា​គឺជា​ធម្មជាតិ​ដែល​យើង​ម្នា​ក់ៗ មិន​អាច​កែប្រែ​បាន។ កត្តា​សំខាន់​ដំបូង​ដែល​ខ្ញុំ​បាន​ផ្តោត​ជាងគេ និង​គិត​មុនគេ​បង្អស់​ហើយ​ដើម្បី​ជា​មាគ៌ា​ដ៏​ងាយស្រួល​ក្នុង​ការស្វែងរក​ខ្លួនឯង​នោះ​គឺ ខ្ញុំ​បាន​ព្យាយាម​សរសេរ​រៀបរាប់​ពី​ចំណុច​ខាងក្នុង​ឬអាច​និយាយ​បាន​ថា​អ្វី​ដែល​ធម្មជាតិ​បាន​ផ្តល់​មក​ឱ្យ​មនុស្សយើង​ម្នា​ក់ៗ ក្នុង​នោះ​មាន​ដូចជា ចិត្ត គំនិត អត្តចរិត អារម្មណ៍ ក្តី​ស្រឡាញ់ ទេព​កោសល្ល ចំណុចខ្លាំង ចំណុចខ្សោយ ដែល​យើង​មាន​មក​តាំងពី​កំណើត​ហើយក៏​មិន​អាច​កែប្រែ​វា​បាន​ផង​ដែរ។ ខ្ញុំ​គិតថា​នៅពេល​ដែល​យើង​ម្នា​ក់ៗ អាច​ស្វែងរក​ខ្លួនឯង​ឃើញ ហើយ​ក្លាហាន​ព្រម​ទទួលយក​ខ្លួនឯង​ពិតប្រាកដ នៅពេល​នោះ​មិនថា​អ្នកដទៃ ឬក៏​សង្គម​មួយ​នេះនោះ​ទេ ពួក​គេ​ក៏​ព្រម​ទទួលយក​យើង​ដូចគ្នា​ដែរ។ ចំណុច​បន្ទាប់ ខ្ញុំ​គិតថា​នៅពេល​ដែល​យើង​ស្គាល់​ខ្លួនឯង​បាន​កាន់តែ​ច្បាស់​យើង​ប្រាកដជា​អាច​ស្វែងរក ក្តី​សុបិន​មួយ​ពិតប្រាកដ ដោយ​មិន​ចំណាយពេល​នឿយហត់ ដើរខុស​គោលដៅ តែ​យើង​ដើរទៅ​មុខ​ដោយ​ក្តី​ស្រឡាញ់​ដូចដែល​បេះដូង​មួយ​នេះ វា​តែងតែ​ផ្តល់​ក្តី​សង្ឃឹម មក​ឱ្យ​ជីវិត​របស់​យើង​បាន​រស់នៅ​ដូចសព្វថ្ងៃ​នេះ​អ៊ីចឹង។ ក្តី​សុបិន អាច​និយាយ​បាន​ថា វា​គឺជា​បុព្វហេតុ​ដ៏​សំខាន់​មួយ​ដែល​ធ្វើ​ឱ្យ​មនុស្ស​ម្នា​ក់ៗតែងតែ​គិត​នៅក្នុង​ចិត្ត​ថា តើ​ការ​មានកំណើត​កើតជា​មនុស្ស ហើយនិង​ការ​ខិតខំ​ប្រឹងប្រែង​ធ្វើការងារ​ជាច្រើន ហើយ​រស់នៅ​ដូចសព្វថ្ងៃ​នេះ គឺ​ដើម្បីអ្វី​ទៅ? នៅពេល​ដែល​មនុស្ស​ម្នា​ក់ៗ បានដឹង​ថា​ខ្លួន​រស់នៅ​សព្វថ្ងៃ​នេះ​ដើម្បីអ្វី នៅពេល​នោះ ជីវិត​របស់​មនុស្ស​ម្នា​ក់ៗ ក៏​ចាប់ផ្តើម​កាត់បន្ថយ​ភាព​ទុក្ខ​ព្រួយ ហើយ​បើ​ទោះបីជា​ពេលខ្លះ មិន​សប្បាយចិត្ត ឬក៏​នឿយហត់​ដោយសារតែ​ចួប​រឿង​បរាជ័យ ក៏​វា​មិនមែន​ជា​សម្ពាធ ដែល​ធ្វើ​ឱ្យ​មនុស្សយើង​បាក់ទឹកចិត្ត​ខ្លាំង​ដែរ ពីព្រោះ​គេ​ដឹង​ថា​រឿង​បរាជ័យ​គឺជា​រឿង​មួយ​ដែល​មនុស្ស​ម្នា​ក់ៗងាយ​នឹង​ចួប តែ​រឿង​ជោគជ័យ​គឺ​វា​ទាមទារ​ឱ្យ​មនុស្សយើង​ចេះ​អត់ធ្មត់​ខ្លាំង​បំផុត។ ម៉្យាង​វា​គឺជា​កម្លាំង​ជំរុញចិត្ត​មួយ​ដ៏​អស្ចារ្យ ដើម្បី​ឱ្យ​យើង​អាច​រក​ដំណោះស្រាយ​បន្ត​ក្តី​សង្ឃឹម​ដើរទៅ​មុខ​ទៀត។