បេះដូងដាមពណ៌
និពន្ធដោយ៖ អ៊ុច ថាវី (មេអំបៅ)
តម្លៃ: ៣២០០០ រៀល
«បេះដូងដាមពណ៌» ជាកម្រងរឿងខ្លីសរុបចំនួន៨រឿងដែលរឿងខ្លះជារឿងជាប់ពាន រឿងខ្លះជារឿងដែលបានចូលរួមដាក់ប្រកួត ប៉ុន្តែមិនទទួលបានជ័យលាភី និងមានរឿងខ្លីចំនួនបីដែលបានចេញផ្សាយនៅ IRead Publisher FB Page សមូហកម្មមន្តទឹកខ្មៅ និងនៅប្រលោមលោកសប្បាយ។
«បេះដូងដាមពណ៌» កើតចេញពីចិត្តវង្វេងខុសៗគ្នារបស់មនុស្ស ដូចជាចិត្តវង្វេងដោយសេចក្តីស្អប់ ចិត្តវង្វេងដោយក្តីស្រលាញ់ ចិត្តវង្វេងព្រោះតែមាសប្រាក់ អំណាចបុណ្យសក្តិ កាមតណ្ហា ភាពលោភលន់ ក្តីប្រចណ្ឌ និងចិត្តវង្វេងព្រោះជំនឿមិនសមហេតុផលមួយចំនួន ហើយក៏ព្រោះចិត្តវង្វេងទាំងនោះហើយ ទើបធ្វើឱ្យបេះដូងសស្អាតពីកំណើត ត្រូវដិតដាមប្រឡាក់ពណ៌ខ្មៅកខ្វក់ រួចក៏បង្កើតទៅជាសោកនាដកម្មច្រើនរាប់មិនអស់ សម្រាប់ជីវិតខ្លួនឯង ក៏ដូចជាជីវិតអ្នកដទៃ។
ខ្ញុំសង្ឃឹមថា រាល់រឿងនីមួយៗនៅក្នុងស្នាដៃមួយនេះ នឹងអាចក្លាយជាមេរៀនជីវិតសម្រាប់មនុស្សមួយចំនួនដែលបាននិងកំពុងតែមានចិត្តវង្វេង ឬឈានឆ្ពោះទៅរកការវង្វេង ឱ្យងាកមកពិចារណាឡើងវិញថា តើរាល់ជំហានដែលខ្លួនកំពុងបោះ ទង្វើដែលខ្លួនកំពុងធ្វើ មហិច្ឆតាដែលខ្លួនកំពុងមាន អាចនឹងផ្តល់ផលបែបណាមកខ្លួនឯង និងមនុស្សនៅជុំវិញខ្លួន។
អ្នកខ្លះហ៊ានធ្វើនូវរឿងដែលមិនគួរធ្វើ មិនហ៊ានធ្វើនូវរឿងដែលគួរតែធ្វើ ក៏ព្រោះតែ «ចិត្តវង្វេង» គ្មានព្រំដែនហ្នឹងឯង។
«កាត់បន្ថយចិត្តវង្វេង គ្រប់យ៉ាងនឹងល្អប្រសើរ!»