ជ្រើសប្រភេទ ...

ម្នាក់ឯង តែមិនឯកា

និពន្ធដោយ៖ សុខ ចាន់ផល

តម្លៃ:​ ៣៦០០០ រៀល
ជួបគ្នា​លើក​នេះ គឺ​មក​ស្គាល់​នូវ​អ្វី​ដែល​មានតម្លៃ​កាត់ថ្លៃ​មិនបាន​នៅក្នុង​ជីវិត។ វា​គឺជា​ជោគជ័យ​ដ៏​ធំធេង សម្រាប់​អ្នកដើរ​វង្វេងផ្លូវ និង​ត្រូវ​ជីវិត​វាយដំ​ឱ្យ​បាក់ស្បាត ក៏ប៉ុន្តែ​ស្រាប់តែ​រក​ឃើញ​កន្លែង​ដ៏​ស្ងប់ស្ងាត់ ប្រកបដោយ​បរិយាកាស​សម្រាក​លម្ហែ។ ទីនោះ​មិន​នៅឯណា​ឆ្ងាយ ឬក៏​ត្រូវ​ចំណាយពេល ចំណាយ​ប្រាក់ ដើម្បី​បាន​ទៅដល់​នោះ​ទេ។ ទីនោះ​គឺជា​កន្លែង​ដែល​អ្នកណា​ក៏​ចង់​រស់នៅ ប៉ុន្តែ​ពួក​គេ​បែរជា​ដើរ​ផ្លូវវាង​វែងឆ្ងាយ ដោយ​គ្មាន​អ្នកណា​ចង្អុល​ប្រាប់ ឬក៏​មក​ពី​ប្រកាន់​ថា​ខ្លួនឯង​ឆ្លាត មិនព្រម​ងាក​ទៅ​ស្ដាប់​អ្នកដទៃ។ នៅក្នុង​ដំណើរ​ជីវិត​នេះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា គ្មានអ្វី​ដែល​ពិសេស​ជាង​ការ​រក​ឃើញ​មួយ​នេះ​ទៀត​ទេ ពោល​បើ​ទោះបីជា​អ្នក​ខំប្រឹង​ធ្វើការ​អភិវឌ្ឍ​ខ្លួន​ឱ្យ​ជោគជ័យ​ដល់កម្រិត​ណា ក៏​គ្មាន​អត្ថន័យ​ខ្លឹមសារ​អ្វី​ដែរ នៅពេល​ដែល​អ្នក​មិនបាន​ស្គាល់​វា ព្រោះ​របស់​នោះ​គឺជា «ខ្លួនឯង»។

រស់ជាពន្លឺ

និពន្ធដោយ៖ យុន ចាន់វណ្ណៈ

តម្លៃ:​ ៣២០០០ រៀល
ការដែល​អាច​សង្កេត​ដឹង​អារម្មណ៍​ខ្លួនឯង អំឡុង​ពេល​ធ្លាក់ទឹក​ចិត្ត វា​ជា​ឱកាស​ទាញ​ខ្លួនឯង​ឱ្យ​ចាកចេញ​ពី​ជំងឺ​បាក់ទឹកចិត្ត។ ជាទូទៅ​មនុស្ស​ដែល​មិន​យល់​អារម្មណ៍​ខ្លួនឯង តែងតែមាន​អារម្មណ៍​ច្របូកច្របល់ ស្រ្តេស បន្ទោស​ខ្លួនឯង បន្ទោស​អ្នកដទៃ បន្ទោស​ស្ថានការណ៍​ក្នុង​ជីវិត ដែល​តែងតែ​ធ្វើ​ឱ្យ​ខ្លួន​ខកបំណង។ ការ​ទទួលស្គាល់​ខ្លួនឯង គឺជា​សេរីភាព ហើយ​ការ​ទទួលស្គាល់​ការពិត គឺជា​ពន្លឺ។ បើ​ជីវិត​ចួប​ការ​លំបាក ចូរ​កុំ​បន្ទោស​ធម្មជាតិ ឬពិភពលោក តែ​ចូរ​ប្តូរ​ការ​គិត និង​ឥរិយាបថ។ ហេតុផល​ដែល​ធ្វើ​ឱ្យ​មនុស្ស​មិន​រីករាយ ឬធ្លាក់ទឹក​ចិត្ត ព្រោះ​រស់​មិនមែន​ជា​ខ្លួនឯង តែ​ចូលចិត្ត​សម្តែង ចូលចិត្ត​ប្រៀបធៀប។ល។ សូម​ឱ្យ​សៀវភៅ​មួយ​ក្បាល​នេះ អាច​ក្លាយជា​មិត្ត​ដ៏​ល្អ​ម្នាក់​ដែល​នៅ​កំដរ​ប្រិយមិត្ត​អ្នកអាន នៅពេល​ដែល​ត្រូវការ​កម្លាំងចិត្ត និង​មិត្ត​ស្និទ្ធស្នាល​ស្តាប់​សម្លេង​ចេញពី​ចិត្ត។

ទម្រាំដឹងខ្លួនថាត្រូវការអ្វី

និពន្ធដោយ៖ សែត ហត្ថា (កូនចាបមាស)

តម្លៃ:​ ៣២០០០ រៀល
អត្ថបទ​នៅ​ទីនេះ ខ្ញុំ​សរសេរ​ដើម្បី​ផ្ញើ​ជូនចំពោះ​យុវវ័យ​ទាំងអស់​ដែល​មានឱកាស​បាន​កាន់​សៀវភៅ​មួយ​នេះ។ ដោយ​ឆ្លងកាត់​ភាពជា​យុវវ័យ​កន្លងមក ខ្ញុំ​បានដឹង​ថា​វា​ជា​វ័យ​មួយ​ដែល​ត្រូវ​ប្រឈម​ជាមួយ​ក្ដី​វិ​បត្ដិ​ច្រើន វា​ជា​ពេលវេលា​មួយ​ដែល​ចិត្តគំនិត និង​ស្មារតី​របស់​យើង​កំពុង​លូតលាស់ ហើយ​វា​ពុះកញ្ជ្រោល​យ៉ាង​ខ្លាំងក្លា។ ភាព​ភ័យខ្លាច អារម្មណ៍​ប្រែប្រួល​ឆាប់​អន់ចិត្ត ឆាប់​រំជើបរំជួល​ផ្លូវ​អារម្មណ៍​ដ៏​ពិបាក​គ្រប់គ្រង​តែង​កើតមានឡើង​ជា​ញឹកញាប់​ចំពោះ​មនុស្ស​ដែល​ស្ថិតនៅ​ក្នុង​វ័យ​នេះ។ វ័យ​នេះ​ជា​វ័យ​ដែល​សមនឹង​ទទួល​បានការ​យកចិត្ត​ទុកដាក់​ខ្លាំង​បំផុត ប៉ុន្តែ​ភាព​ព្រងើយកន្តើយ​ដែល​យើង​ជា​យុវវ័យ​មាន​ចំពោះខ្លួន​ឯង និង​អ្វី​ដែល​គ្រួសារ ឬសង្គម​របស់​យើង​រំពឹង​ចង់បាន​ពី​យើង​គឺ​វា​ស្ទើរតែ​ផ្ទុយគ្នា​ស្រឡះ។ ដោយ​ឆ្លងកាត់​ពេលវេលា និង​ស្ថានភាព​ឡើងចុះ​មិនឈប់ឈរ​នៃ​ជីវិត​កន្លងមក​នេះ ខ្ញុំ​បាន​ដកស្រង់​យក​បទ​ពិ​សោ​ធខ្លះៗពី​ជីវិត​ផ្ទាល់ខ្លួន​ខ្ញុំ បទ​ពិសោធ​ពី​ការ​ចេញទៅ​ក្រៅ​ដើម្បី​ចួប​ជជែក​ជាមួយ​មនុស្ស​ដែល​មាន​បញ្ហា និង​បទ​ពិសោធ​ខ្លះ​ពី​ការ​ទទួល​បាន​តាមរយៈ​ការ​អាន ការ​ស្ដាប់ ការសង្កេត និង​ការ​ត្រិះរិះ​ពិចារណា​របស់ខ្ញុំ ហើយ​បាន​សរសេរ​ចេញ​ជា​អត្ថ​បទ​ខ្លីៗទុកជា​ការ​លើកទឹកចិត្ត និង​ពិចារណា ។ ក្នុង​បទ​សំណេរ​ទាំងអស់​នេះ ខ្ញុំ​បាន​និយាយ​ពី​ទំនាក់ទំនង​របស់​យើង​ជាមួយ​គ្រួសារ ទំនាក់ទំនង​ជាមួយ​មនុស្ស​ក្នុង​សង្គម ការ​លះបង់​ចំពោះ​សេចក្ដី​ស្រឡាញ់ ការកំណត់​គោលដៅ ឬបុព្វហេតុ និង​ការរៀបចំ​ផែនការ​ជីវិត ការ​ជឿជាក់​ចំពោះខ្លួន​ឯង ការ​អត់ធ្មត់​ជាមួយ​បញ្ហា ព្រមទាំង​ការ​ផ្ដល់​ឱកាស​ឱ្យ​ខ្លួនឯង​ទទួលយក​ការផ្លាស់ប្ដូរ​ដើម្បី​អភិវឌ្ឍ​ខ្លួន​ជាដើម។ ចូរ​ចងចាំ​ថា​យើង​នឹង​ទៅដល់​គោលដៅ ប្រសិនបើ​យើង​ចាប់ផ្ដើម​ចេញដំណើរ ប៉ុន្តែ​ដំណើរ​ដ៏​វែងឆ្ងាយ​នេះ វា​នឹង​មិន​ធានា​ឱ្យ​យើង​នូវ​ភាព​ងាយស្រួល​ទេ។ យើង​អាច​ចួប​ឧបសគ្គ​ជាច្រើន​នៅ​តាមផ្លូវ ប៉ុន្តែ​ឧបសគ្គ​ទាំងនោះ​នឹង​បង្រៀន​យើង​ពីរ​បៀ​បទប់​ទល់​បញ្ហា ឱ្យ​យើង​ចេះ​ខាំមាត់​អត់ធ្មត់ ហើយ​ប្រឹងប្រែង​តស៊ូ​យ៉ាង​ស្វិតស្វាញ​ដើម្បី​ទប់​ជំហរ​របស់​យើង។ បើ​យើង​ស្គាល់​ការ​លំបាក​ដោយ​ការ​ធ្វើដំណើរ នោះ​យើង​នឹង​ស្គាល់​តម្លៃ​នៃ​គោលដៅ​ពេល​យើង​បាន​ទៅដល់។ វា​អាច​មាន​មធ្យោបាយ​ស្រួល ឬលំ​បា​កខុសៗគ្នា​ដើម្បី​សម្រេច​បំណងប្រាថ្នា​របស់​យើង ដោយ​អាស្រ័យ​ទៅលើ​ស្ថានភាព​ជាក់ស្ដែង​របស់​យើង​ម្នា​ក់ៗ ប៉ុន្តែ​វា​អត់មាន​ផ្លូវកាត់​ទេ ព្រោះ​គ្រប់យ៉ាង​គឺ​ត្រូវ​ទទួល​បាន​មក​ដោយ​ការ​សន្សំ​ម្ដង​បន្ដិចៗ។ បើ​យើង​គ្រាន់តែ​មានបំណង​ប្រាថ្នា​ដ៏​ពុះកញ្ជ្រោល​តែ​ម្យ៉ាង​វា​មិន​គ្រប់គ្រាន់​ឡើយ ប៉ុន្តែ​វា​ត្រូវតែ​ជា​បំណងប្រាថ្នា​ដ៏​ច្បាស់លាស់ ហើយ​ដាក់ចិត្ត​ដាក់​កាយ​ក្នុង​ការ​លះបង់​ខ្ពស់​បំផុត​ដើម្បី​វា។ យើង​មិន​អាច​ប្រាថ្នា​ឃើញ​ខ្លួនឯង គ្រួសារ ឬសង្គមជាតិ​របស់​យើង​រីកចម្រើន​ដោយ​គ្មាន​ការចូលរួម​ក្នុង​ការ​ប្រឹងប្រែង និង​លះបង់​របស់​យើង​នោះ​ទេ។ ទាល់តែ​យើង​ម្នា​ក់ៗអាច​អភិវឌ្ឍ​នូវ​សមត្ថភាព​របស់​ខ្លួន ពេលនោះ​ទើប​យើង​អាច​ជួយ​អភិវឌ្ឍ​គ្រួសារ និង​សង្គមជាតិ​របស់​យើង​បាន ហើយ​ទាល់តែ​មានការ​ចូលរួម​ពី​យើង​ម្នា​ក់ៗ នោះ​ទើប​មានការ​រួបរួម​មួយ​ដ៏​ប្រសើរ​នា​ពេល​អនាគត។ “ភាពជា​យុវវ័យ​ត្រូវការ​នូវ​ការ​សប្បាយ ប៉ុន្តែ​បើ​យើង​រវល់​តែ​សប្បាយ​ភ្លេចខ្លួន យើង​នឹង​ក្លាយជា​មូលហេតុ​នៃ​សេចក្ដី​ឈឺចាប់​របស់​មនុស្ស​ជំនាន់​ក្រោយ​ដោយ​ចៀស​មិន​ផុត​ឡើយ!”

បេះដូង ឬខួរក្បាល

និពន្ធដោយ៖ យុន ចាន់វណ្ណៈ

តម្លៃ:​ ៣២០០០ រៀល
សម្រាប់​សៀវភៅ បែប​លើកទឹកចិត្ត និង​អភិវឌ្ឍ​គំនិត​ខ្នាត​តូច​មួយ​នេះ ខ្ញុំ​បាន​ព្យាយាម​ចងក្រង និង​ធ្វើការ​បែងចែក​វា​ចេញ​ជា​បី​ផ្នែក​ធំៗដែល​នៅក្នុង​នោះ គឺ​និយាយ​អំពី​ការស្វែងរក​ខ្លួនឯង ដើម្បី​ឱ្យ​មនុស្ស​ម្នា​ក់ៗ បាន​ស្គាល់​ពី​អ្វី​ដែល​ជា​ធម្មជាតិ​របស់​ខ្លួនឯង​ពិតប្រាកដ​ហើយ​ព្រម​ទទួលយក​ខ្លួនឯង​ក្នុងនាម​ជា​ខ្លួនឯង ដោយ​មិនបាច់​ខ្លាច​ពី​ភាព​ឯកា ពី​ការ​មិនព្រម​ទទួលយក​ពី​អ្នកដទៃ។ មនុស្ស​មួយចំនួន​តែង​ត្រូវ​បាន​ទទួលការ​បន្តុះ​បង្អាប់ និង​មិន​មានការ​ទទួលស្គាល់​ពី​មនុស្ស​នៅក្នុង​សង្គម​ដែល​ខ្លួន​កំពុង​រស់នៅ​ជាមួយគ្នា ទាំង​ដែល​ពេលខ្លះ​វា​គឺជា​ធម្មជាតិ​ដែល​យើង​ម្នា​ក់ៗ មិន​អាច​កែប្រែ​បាន។ កត្តា​សំខាន់​ដំបូង​ដែល​ខ្ញុំ​បាន​ផ្តោត​ជាងគេ និង​គិត​មុនគេ​បង្អស់​ហើយ​ដើម្បី​ជា​មាគ៌ា​ដ៏​ងាយស្រួល​ក្នុង​ការស្វែងរក​ខ្លួនឯង​នោះ​គឺ ខ្ញុំ​បាន​ព្យាយាម​សរសេរ​រៀបរាប់​ពី​ចំណុច​ខាងក្នុង​ឬអាច​និយាយ​បាន​ថា​អ្វី​ដែល​ធម្មជាតិ​បាន​ផ្តល់​មក​ឱ្យ​មនុស្សយើង​ម្នា​ក់ៗ ក្នុង​នោះ​មាន​ដូចជា ចិត្ត គំនិត អត្តចរិត អារម្មណ៍ ក្តី​ស្រឡាញ់ ទេព​កោសល្ល ចំណុចខ្លាំង ចំណុចខ្សោយ ដែល​យើង​មាន​មក​តាំងពី​កំណើត​ហើយក៏​មិន​អាច​កែប្រែ​វា​បាន​ផង​ដែរ។ ខ្ញុំ​គិតថា​នៅពេល​ដែល​យើង​ម្នា​ក់ៗ អាច​ស្វែងរក​ខ្លួនឯង​ឃើញ ហើយ​ក្លាហាន​ព្រម​ទទួលយក​ខ្លួនឯង​ពិតប្រាកដ នៅពេល​នោះ​មិនថា​អ្នកដទៃ ឬក៏​សង្គម​មួយ​នេះនោះ​ទេ ពួក​គេ​ក៏​ព្រម​ទទួលយក​យើង​ដូចគ្នា​ដែរ។ ចំណុច​បន្ទាប់ ខ្ញុំ​គិតថា​នៅពេល​ដែល​យើង​ស្គាល់​ខ្លួនឯង​បាន​កាន់តែ​ច្បាស់​យើង​ប្រាកដជា​អាច​ស្វែងរក ក្តី​សុបិន​មួយ​ពិតប្រាកដ ដោយ​មិន​ចំណាយពេល​នឿយហត់ ដើរខុស​គោលដៅ តែ​យើង​ដើរទៅ​មុខ​ដោយ​ក្តី​ស្រឡាញ់​ដូចដែល​បេះដូង​មួយ​នេះ វា​តែងតែ​ផ្តល់​ក្តី​សង្ឃឹម មក​ឱ្យ​ជីវិត​របស់​យើង​បាន​រស់នៅ​ដូចសព្វថ្ងៃ​នេះ​អ៊ីចឹង។ ក្តី​សុបិន អាច​និយាយ​បាន​ថា វា​គឺជា​បុព្វហេតុ​ដ៏​សំខាន់​មួយ​ដែល​ធ្វើ​ឱ្យ​មនុស្ស​ម្នា​ក់ៗតែងតែ​គិត​នៅក្នុង​ចិត្ត​ថា តើ​ការ​មានកំណើត​កើតជា​មនុស្ស ហើយនិង​ការ​ខិតខំ​ប្រឹងប្រែង​ធ្វើការងារ​ជាច្រើន ហើយ​រស់នៅ​ដូចសព្វថ្ងៃ​នេះ គឺ​ដើម្បីអ្វី​ទៅ? នៅពេល​ដែល​មនុស្ស​ម្នា​ក់ៗ បានដឹង​ថា​ខ្លួន​រស់នៅ​សព្វថ្ងៃ​នេះ​ដើម្បីអ្វី នៅពេល​នោះ ជីវិត​របស់​មនុស្ស​ម្នា​ក់ៗ ក៏​ចាប់ផ្តើម​កាត់បន្ថយ​ភាព​ទុក្ខ​ព្រួយ ហើយ​បើ​ទោះបីជា​ពេលខ្លះ មិន​សប្បាយចិត្ត ឬក៏​នឿយហត់​ដោយសារតែ​ចួប​រឿង​បរាជ័យ ក៏​វា​មិនមែន​ជា​សម្ពាធ ដែល​ធ្វើ​ឱ្យ​មនុស្សយើង​បាក់ទឹកចិត្ត​ខ្លាំង​ដែរ ពីព្រោះ​គេ​ដឹង​ថា​រឿង​បរាជ័យ​គឺជា​រឿង​មួយ​ដែល​មនុស្ស​ម្នា​ក់ៗងាយ​នឹង​ចួប តែ​រឿង​ជោគជ័យ​គឺ​វា​ទាមទារ​ឱ្យ​មនុស្សយើង​ចេះ​អត់ធ្មត់​ខ្លាំង​បំផុត។ ម៉្យាង​វា​គឺជា​កម្លាំង​ជំរុញចិត្ត​មួយ​ដ៏​អស្ចារ្យ ដើម្បី​ឱ្យ​យើង​អាច​រក​ដំណោះស្រាយ​បន្ត​ក្តី​សង្ឃឹម​ដើរទៅ​មុខ​ទៀត។

ផ្ដើមពីក្ដីសុបិន

និពន្ធដោយ៖ សែត ហត្ថា (កូនចាបមាស)

តម្លៃ:​ ៣៥០០០ រៀល
មនុស្ស​ម្នា​ក់ៗ​តែងតែ​គិតថា បញ្ហា​របស់​ខ្លួន​ធំជាង​បញ្ហា​របស់​អ្នកដទៃ តែ​តាមពិត​ទៅ គ្រប់គ្នា​គឺ​មាន​កញ្ចប់​បញ្ហា​ធំ​តូ​ចរៀងៗ​ខ្លួន ដែល​ត្រូវ​ប្រឈមមុខ​ដោះស្រាយ ហើយ​មានតែ​សមត្ថភាព​ខ្លាំង ឬខ្សោយ​របស់​យើង​ប៉ុណ្ណោះ ដែល​អាច​វាយតម្លៃ​លើ​បញ្ហា​នោះ ថា​វា​ធំ ឬតូច​កម្រិត​ណា​ចំពោះ​យើង។ ចំពោះ​ក្ដី​ស្រមៃ​របស់​យើង​ម្នា​ក់ៗ​វិញ​ក៏​ដូចគ្នា។ ក្ដី​ស្រមៃ​ខ្លះ វា​អាច​គ្រាន់តែ​ជា​រឿង​សាមញ្ញ​ធម្មតា​ក្នុង​ក្រសែភ្នែក​អ្នកដទៃ តែ​វា​មានតម្លៃ​ដែល​យើង​ត្រូវ​តស៊ូ​ជម្នះ​ឈោង​ចាប់​វា។ ប្រសិនបើ​គ្មាន​អ្នកណា​រំភើប​ជាមួយ​ក្ដី​ស្រមៃ​របស់​អ្នក​ទេ ចូរ​អ្នក​រំភើប​ជាមួយ​វា​ដោយខ្លួនឯង ព្រោះ​ក្ដី​ស្រមៃ​ទាំងអស់​ហ្នឹងហើយ​ដែល​ដាស់​អ្នក​ឱ្យ​ស្ទុះស្ទា​ក្រោកពីដំណេក​ជា​រៀងរាល់​ព្រឹក​ប្រកបដោយ​ថាមពល​ដ៏​អស្ចារ្យ។