ជ្រើសប្រភេទ ...

ពាក្យថាស្រលាញ់

និពន្ធដោយ៖ គង់ ចន្ទវ៉ាន់ណេង

តម្លៃ:​ ៣២០០០ រៀល
«ទេវតា​នៃ​មនោសញ្ចេតនា» គឺជា​ឈ្មោះ​មួយ​ដែល​បងប្រុស​ម្នាក់ បាន​ប្រសិទ្ធ​នាម​ឱ្យ​ខ្ញុំ​បន្ទាប់ពី​គាត់​បាន​អាន​រឿង​មួយ​នេះ​ចប់ ហើយ​ខ្ញុំ​ពេញចិត្ត​នឹង​ឈ្មោះ​មួយ​នេះ​ខ្លាំង​មែនទែន។ ប្រលោមលោក​មួយ​នេះ​ផ្ទុក​នូវ​រាប់ពាន់​មនោសញ្ចេតនា​របស់ខ្ញុំ ព្រោះ​គ្រប់​តួអក្សរ​ដែល​ត្រូវ​បាន​ប្រថាប់​ឡើង សុទ្ធតែ​ចេញពី​បេះដូង​របស់ខ្ញុំ។ ខ្ញុំ​មិនមែន​ត្រឹមតែ​ជា​អ្នកនិពន្ធ​ប៉ុណ្ណោះទេ ប៉ុន្តែ​ពេល​សរសេរ​ប្រលោមលោក​បែប​បុរស​ទីមួយ ខ្ញុំ​ដាក់ខ្លួន​ឯង​ជា​តួអង្គ​ក្នុង​រឿង​ដែរ។ បើ​តួអង្គ​របស់ខ្ញុំ​យំ ខ្ញុំ​ក៏​យំ​ដូចគ្នា។ បើ​តួអង្គ​របស់ខ្ញុំ​ខូចចិត្ត ខ្ញុំ​ក៏​ខូចចិត្ត​ដូចគ្នា។ ព្រោះ​មនោសញ្ចេតនា​ជា​ភាសា​សកល​ដែល​គ្រប់គ្នា​អាច​ពាល់​ដឹង ទោះ​យើង​ជា​អ្នកណា​ក៏ដោយ ឱ្យ​តែ​មាន​ក្ដី​ស្រលាញ់ ឱ្យ​តែ​មានការ​ឈឺចាប់ គ្មានអ្វី​មក​វាស់​ពី​ជម្រៅ​មនោសញ្ចេតនា​របស់​យើង​បាន​ឡើយ។ ការពិត ស្នាដៃ​មួយ​នេះ​ធ្លាប់​បាន​ចេញផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់ iRead ម្ដង​រួចមក​ហើយ ប៉ុន្តែ​វា​ជា​ខ្សែជីវិត​និង​រឿង​ស្នេហា​របស់​វ៉ាន់​ឌីតែ​ប៉ុណ្ណោះ។ ចំណែក​សុក្រឹត​ដែល​ជា​តួអង្គ​ជាទី​ស្រលាញ់​របស់​មិត្ត​អ្នកអាន នៅ​មិនទាន់​ចួប​ស្នេហា​សមបំណង​នៅឡើយ​ទេ។ ដូច្នេះហើយ​ទើប «ពាក្យ​ថា​ស្រលាញ់» មាន​រូបរាង​ជា​សៀវភៅ​ក្នុងនាម​ជា​ប្រលោមលោក​ដែល​មាន ៨ ភាគ និយាយ​ពី​ជីវិត​របស់​វ៉ាន់​ឌី និង ជីវិត​របស់​សុក្រឹត ដែល​ជា​មនុស្ស​ពីរ​នាក់​ធ្លាប់​ស្រលាញ់​គ្នា ប៉ុន្តែ​មិនបាន​ដើរ​លើ​វិថី​រួមគ្នា។ ខ្ញុំ​ដឹង​ថា មានការ​ខកបំណង​ពី​មិត្ត​អ្នកអាន នៅពេល​ដែល​មនុស្ស​ពីរ​នាក់​ស្រលាញ់​គ្នា តែ​មិន​អាច​រស់នៅ​ជាមួយគ្នា​បាន។ ខ្ញុំ​ពីមុន​ក៏​យល់​បែបនេះ​ដែរ! ឱ្យ​តែ​ស្រលាញ់​គ្នា​គឺ​អាច​រស់នៅ​ជាមួយគ្នា​បាន​ហើយ ព្រោះ​គ្មានអ្វី​ធំជាង «ពាក្យ​ថា​ស្រលាញ់» នោះ​ទេ។ ប៉ុន្តែ... អត្ថន័យ​នៃ​ពាក្យ​នេះ​វា​ហាក់ដូចជា​មានន័យ​ធំ​ទូលាយ​ជាង​អត្ថន័យ​ដែល​ត្រូវ​បាន​ពន្យល់​ក្នុង​វចនានុក្រម នៅពេល​យើង​យក​វា​មក​ប្រើ​ក្នុង​ជីវិត​ពិត។ យ៉ាងណាក៏ដោយ ខ្ញុំ​សង្ឃឹមថា​មិត្ត​អ្នកអាន​នឹង​ពេញចិត្ត​ស្នាដៃ​មួយ​នេះ ហើយ​អាច​ស្វែងរក​អត្ថន័យ​នៃ​ពាក្យ​ថា​ស្រលាញ់​សម្រាប់​ជីវិត​ផ្ទាល់ខ្លួន​របស់​អ្នក​ទាំងអស់គ្នា​បាន។ ដោយ​ក្ដី​ស្រលាញ់​រាប់អាន គង់ ច័ន្ទ​វ៉ាន់​ណេង

នៅតែនឹកនៅតែស្រលាញ់

និពន្ធដោយ៖ សុខ ចាន់ផល

តម្លៃ:​ ៣២០០០ រៀល
ស្នេហាគឺជាការសន្ទនារបស់បេះដូង ហេតុនេះវានឹងឆ្កួត បើវានិយាយតែម្នាក់ឯង... គឺពរពីសួគ៌ា នៅពេលដែលយើងរកបានគ្នានិយាយរឿងក្នុងចិត្ត ហើយគឺជាស្នេហ៍ពិត នៅពេលដែលគេអាចយល់បានគ្រប់យ៉ាងរបស់យើង រួចកាន់តែកម្រ ដែលរកបានអ្នកយល់ពីអ្វី ដែលយើងកំពុងតែឆ្លងកាត់។ រំភើបតិចៗ តែងំក្នុងបេះដូង កក់ក្ដៅបានយូរ... ពេលនិយាយដល់រឿងស្នេហា តើអ្នកណាដែលអ្នកនឹកដល់មុនគេ? មិនថាយ៉ាងណានោះទេ អរគុណដែលព្រមឱ្យខ្ញុំស្រលាញ់ ធ្វើឱ្យថ្ងៃធម្មតាៗក្លាយជាថ្ងៃពិសេស បើទោះជាឈឺចាប់ តែក៏ជាអារម្មណ៍មិនធ្លាប់ជួប ទោះជាស្នេហាបញ្ចប់ ក៏ការចងចាំនៅតែជាមួយខ្ញុំរហូត។ ឆាកជីវិតប្រៀបដូចជាប្រលោមលោក ចប់មួយវគ្គចូលមួយវគ្គ ហើយក៏មានវគ្គខ្លះ ដែលធ្វើឱ្យយើងបំភ្លេចមិនបាន... ប្រហែលជាមកពីបានជួបតួអង្គពិសេសណាម្នាក់ ដែលអាចធ្វើឱ្យយើងញញឹមចេញពីដួងចិត្ត ឬក៏យំយែកនៅក្នុងបេះដូង... ចួនកាល ចំពោះតួអង្គខ្លះ យើងមិនចង់នឹកឃើញដល់គេនោះទេ ប៉ុន្តែវត្តមានរបស់គេបានចាក់ជ្រៅ នៅក្នុងអង្គចងចាំរបស់យើងបាត់ទៅហើយ។ កុំចាយក្ដីស្រលាញ់ឱ្យអស់ រក្សាសម្រស់របស់វានៅក្នុងបេះដូង និងនៅតែមានគេជារៀងរហូត...

លម្អងដួងចិត្ត

និពន្ធដោយ៖ សុខ ចាន់ផល

តម្លៃ:​ ២៨០០០ រៀល
«លម្អងដួងចិត្ត» ជាភាពយន្តនិយាយពីបុព្វហេតុជីវិត – ជីវិតដែលកើតមកជាមួយនឹងក្ដីស្រមៃ – ក្ដីស្រមៃជាគោលដៅនៃការបង្ហាញពីក្ដីស្រឡាញ់ ដើម្បីបំពេញតួនាទីជាមនុស្សរបស់សង្គម និងពិភពលោកមួយ។ទៅទីណាមិនសំខាន់ សំខាន់ទៅដើម្បីអ្វី? ដើរតាមក្ដីស្រមៃ ធ្វើឱ្យខ្ញុំបានរៀនសូត្រពីក្ដីស្រឡាញ់ និងរកឃើញខ្លួនឯងកាន់តែច្បាស់។ តើយើងមានពេលវេលាប៉ុន្មាន ដើម្បីរស់នៅលើភពផែនដីនេះ ហើយអ្វីជាបុព្វហេតុពិតប្រាកដ ដែលយើងត្រូវមកដល់ទីនេះ? មកដល់ពេលវេលាមួយ ទើបខ្ញុំដឹងថា ក្ដីស្រមៃរបស់ខ្ញុំគឺគ្រាន់តែចង់បំពេញនូវក្ដីស្រមៃរបស់មនុស្សនៅជុំវិញខ្លួន ហើយយ៉ាងហោចណាស់ ក៏អាចជួយពួកគេឱ្យយល់ពីតម្លៃរបស់ខ្លួនឯង។ ពិតមែនហើយ កំណើតជាមនុស្សគឺមានតម្លៃខ្លាំងណាស់ តែបើយើងគ្រាន់តែរស់ និងប្រើប្រាស់ឆាកជីវិតក្នុងភាពអាត្មានិយម វាគឺជារឿងដ៏គួរឱ្យសោកស្ដាយ និងក្លាយជាសោកនាដកម្មមួយ។