ជ្រើសប្រភេទ ...

កំណត់ត្រាគំនិត

និពន្ធដោយ៖ ឡាំ​ លីម

តម្លៃ:​ ៣២០០០ រៀល
រាប់​ចាប់ពី​ស្នាដៃ​ទី១ សៀវភៅ “ប្រតិទិន​ទស្សនៈ៣៦៥ថ្ងៃ”, ស្នាដៃ​ទី២ សៀវភៅ “ប្រតិទិន​ទស្សនៈ២២២ថ្ងៃ”, ស្នាដៃ​ទី៣ សៀវភៅ “អំណាន​ជា​អំណាច”, ស្នាដៃ​ទី៤ សៀវភៅ “ដំណើរ​ស្វែងរក​ខ្លួនឯង”, ស្នាដៃ​ទី៥ សៀវភៅ “អំណាច​កម្ម”, ខ្ញុំ​មិនទាន់​មានទំនុក​ចិត្ត​សរសេរ​ចែករំលែក​ចំ​តួ​អំពី​ប្រធានបទ​ភាពជា​អ្នកដឹកនាំ​នៅឡើយ​ទេ តែ​លុះដល់​រយៈពេល​ចុងក្រោយ​នេះ ទើប​ខ្ញុំ​ចំណាយពេល​វេលា​សិក្សា​ស្រាវជ្រាវ​ច្រើន​ ឈ្វេងយល់​ពី​គ្រប់​មជ្ឈដ្ឋាន​គំនិត​ទស្សនៈ រហូត​អាច​សម្រេច​ស្នាដៃ​ទី៦ បាន​ដោយ​​ជោគជ័យ ពោល​គឺ​សៀវភៅ “ដួង​ព្រលឹង​មេដឹកនាំ”។ ចុះ​ចំណែក​ឯស្នាដៃ​ទី៧ នេះ​​វិញ សៀវភៅ​ដែល​មាន​ចំណងជើង​ថា “កំណត់ត្រា​គំនិត” នេះ​សរសេរ​ពី​ប្រ​ធាន​បទ​​អ្វី​វិញ? ពី​ដំបូង​ឡើយ កំណើត​នៃ​សៀវភៅ​នេះ​ជា​កំណត់ត្រា​គំនិត​ដែល​បាន​ផុស​ឡើង​ក្នុង​ចិត្ត​​គំនិត​របស់ខ្ញុំ​រៀងរាល់ថ្ងៃ។ ខ្ញុំ​មាន​អត្តចរិត​ចូលចិត្ត​គិតពិចារណា ចូលចិត្ត​អាន​ច្រើន​ ហើយ​មាន​ចំណូលចិត្ត​កត់ត្រា​នូវ​គំនិត​ណា​ដែ​លប្លែ​កៗ គំ​និ​ត​ល្អៗ​ទាំង​ឡាយ​​ណា​ដែល​ខ្ញុំ​យល់ថា​មានប្រយោជន៍​សម្រាប់​ខ្លួនឯង​ផង​និង​អ្នកដទៃ​ផង។ នេះ​ជា​​ប្រវត្តិ​នៃ​ចំណងជើង​ស្នាដៃ។ ខ្ញុំ​មាន​ចេតនា​ចង់ឱ្យ​អ្នក​អាន​គ្រប់ៗរូប​បង្កើត​ទម្លាប់​កត់ត្រា​គំនិត មានកំណត់​ហេតុ​ផ្ទាល់ខ្លួន យក​មេរៀន​ដែល​ខ្លួន​បាន​ឆ្លងកាត់​ប្រចាំថ្ងៃ​មក​កត់ត្រា​ទុកជា​ប្រវត្តិ​ជា​បទ​ពិសោធ​សម្រាប់​កូនចៅ ឬអ្នក​ជំនាន់​ក្រោយ។ ខ្ញុំ​ចាត់​ទុក​​សមិទ្ធផល​នា​ឆ្នាំ២០២៣នេះ​ជា​ស្នាដៃ​ទទេ ឥត​ពិសេស​អ្វី​ទាំងអស់ ជា​ស្នា​ដៃ​​ដែល​ខិត​ទៅ​រក​ភាព​សាមញ្ញ មិន​អស្ចារ្យ។ ប៉ុន្តែ​ភាព​សាមញ្ញ​នេះ​ជា​អ្វី​ដែល​មិនមែន​សាមញ្ញ ហើយ​ទទេ​ដែល​មាន​សភាព​ពេញ​បរិបូណ៌! ជីវិត​ជា​ការរៀនសូត្រ រៀន​ពេញ​មួយ​ជីវិត មិន​ចេះ​ចប់​មិន​ចេះ​អស់ ហើយ​អ្នកណា​ដែល​បន្ត​ការ​រៀន បន្ត​ការ​អាន​ជាប្រចាំ បន្ត​ការឈ្វេងយល់​ពី​ជីវិត ស្មើនឹង​បន្តជីវិត។ ប្រធានបទ​អំពី​ជីវិត​នេះ មនុស្សជាតិ​បាន​ផ្តល់​បទ​ពិសោធ បន្សល់ទុក​បទ​ពិសោធ​រាប់​ជំនាន់​មក​ហើយ ហើយ​រៀន​មិន​ចេះ​អស់​ឡើយ។ ស្នាដៃ​របស់ខ្ញុំ​គ្រប់​ចំណងជើង គឺ​សុទ្ធតែ​មិនទៅ​ណា​ឆ្ងាយ​ពី​ប្រធានបទ​ជីវិត ដូចជា​ទស្សនៈ​អំពី​ជីវិត ទស្សនៈ​អំពី​ចិត្ត​វិញ្ញាណ ឬសាស​នា ទស្សនៈ​អំពី​ការដឹកនាំ ទស្សនៈ​អំពី​សង្គម និង​ទស្សនៈ​អំពី​ន​យោបាយ​ឡើយ។ គំនិត​ទស្សនៈ​ទាំងអស់​នេះ ទោះបីជា​រៀន​ពេញ​មួយ​ជីវិត ក៏​គ្មាន​​អ្នកណា​រៀន​អស់​ដែរ។ ចុះ​តើ​ហេតុអ្វី​ត្រូវ​ឈ្វេងយល់​អំពី​ទស្សនៈ​ទាំងអស់​នេះ? ពេល​យើង​គ្មាន​ចំណេះដឹង ឬអវិជ្ជា យើង​យល់ថា “ជីវិត​គឺ​រស់នៅ​ដើម្បី​តែខ្លួន​ឯង​ម្យ៉ាង​ទេ” តែ​ពេល​យើង​មានចំណេះ​ដឹង ឬមាន​វិជ្ជា, យើង​នឹង​មើលឃើញ​យ៉ាង​ច្បាស់​​ថា “ជីវិត​មិនមែន​ជា​ការរស់នៅ​ដើម្បី​តែខ្លួន​ឯង​តែ​ម្យ៉ាង​ទេ តែ​ត្រូវ​រស់នៅ​ធ្វើ​ប្រយោជន៍​ដល់​អ្នកដទៃ​ផង​ដែរ។” ជីវិត​គ្មានន័យ​ឡើយ បើ​រស់នៅ​ដើម្បី​តែខ្លួន​ឯង ហើយ​ដើម្បី​ប្រើប្រាស់​ជីវិត​រស់នៅ​កសាង​ប្រយោជន៍​ដល់​អ្នកដទៃ​បាន ទាល់តែ​យើង​ធ្វើខ្លួន​ជា​មនុស្ស​មានប្រយោជន៍​ជាមុន​សិន។ ដើម្បី​ឱ្យ​យើង​ក្លាយ​ខ្លួន​ទៅជា​ជន​មាន​ប្រយោជន៍ ទាល់តែ​យើង​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ មានចំណេះ​ដឹង មានការ​គិត​ត្រឹមត្រូវ មានចិត្ត​មេត្តាករុណា​ជាមុន​សិន។ និយាយរួម ដើម្បី “ផ្តល់​ឱ្យ” ទាល់តែ​យើង “មាន” ជាមុន​សិន ពោល​គឺ​ទាល់តែ​យើង​មានចំណេះ​ដឹង ទើប​អាច​ផ្តល់​ចំ​ណេះ​ដឹង​ដល់​អ្នកដទៃ​បាន, ទាល់តែ​យើង​មាន​សេចក្តី​សុខ​ក្នុង​ខ្លួនឯង ទើប​អាច​ផ្តល់​សេចក្តី​សុខ​ដល់​អ្នកដទៃ​ទៅ​បាន, ទាល់តែ​យើង​ខ្លាំង​ក្នុង​ខ្លួនឯង​ជាមុន​សិន ទើប​​អាច​ផ្តល់​កម្លាំង​ដល់​អ្នកដទៃ​ទៅ​បាន។ល។ ដើម្បី​ផ្តល់​ឱ្យ គឺ​ទាល់តែ​យើង​មាន ហើយ​​ដើម្បី​ឱ្យ​យើង​មាន គឺ​ទាល់តែ​យើង​ប្រឹងប្រែង ប្រឹងរៀន​សូត្រ ប្រឹង​ក្រេប​យក​ចំណេះ​ដឹង ធ្វើខ្លួន​ជា​មនុស្ស​ត្រឹមត្រូវ មាន​មេត្តាករុណា គិត​ប្រយោជន៍​រួម​ជាធំ។ ដោយ​ប្រការ​នេះឯង ទើប​យើង​ត្រូវតែ​ប្រកាន់​មារយាទ​ខិតខំ​ក្នុង​ជីវិត ខំរៀន ខំ​អាន​ជាប្រចាំ ខំ​ស្អាងខ្លួន ទូន្មាន​ចិត្ត​ប្រព្រឹត្ត​តាម​ធម៌ ធ្វើខ្លួន​ឱ្យ​សុចរិត​ត្រឹមត្រូវ ខំ​ឈ្វេង​យល់​​ពី​ជីវិត​ឱ្យ​បាន​ច្រើន។ ខ្ញុំ​មាន​ក្តី​សង្ឃឹមថា “បងប្អូន​អ្នកអាន​សៀវភៅ​នេះ ចូរ​អាន​ប្រកបដោយ​ការ​ត្រិះរិះ​ពិចារណា​ខ្ពស់ សិក្សា​ឈ្វេងយល់​ឱ្យ​អស់ពី​លទ្ធភាព។ លើស​នេះ​​ទៅទៀត ការរំលែក ឬផ្តល់​ឱកាស​ឱ្យ​អ្នកដទៃ​បាន​ខ្ចី​អាន​បន្ត គឺជា​ការណ៍​ដ៏​ប្រសើរ​ថ្លៃថ្លា​បំផុត ។” ពោធិ៍សាត់ ថ្ងៃអាទិត្យ ១៥កើត ខែ​បឋមាសាឍ ឆ្នាំថោះ ព.ស. ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ ជា​ថ្ងៃសីល និង​ពេញបូណ៌មី​

បន្តរៀន បន្តរស់

និពន្ធដោយ៖ អោ ខៃ​ណា (កូនជីង​ចក់)

តម្លៃ:​ ៣២០០០ រៀល
ដំណក់ទឹក​ខ្មៅ​ដែល​ដៅ​នៅ​លើ​សៀវភៅ “បន្ត​រៀន បន្ត​រស់” ដែ​លបងៗប្អូនៗកំពុងតែ​កាន់​អាន​នៅនឹង​ដៃ​នេះ គឺជា​យានជំនិះ​ជិះ​ទៅ​រក​គោលគំនិត​សំ​ខាន់ៗដើម្បី​ជា​ជំនួយ​ជួយ​ជំរុញ​ដល់​បងប្អូន​ឱ្យ​កាន់តែ​មាន​កម្លាំងចិត្ត​ក្នុង​ការ​បន្ត​ខិតខំ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ (បន្ត​រៀន) បន្ថែម​ទៀត ព្រោះ​ពាក្យ​ថា “ជីវិត” ស្មើនឹង​ពាក្យ​ថា “រៀន” រៀន​គ្មាន​ទី​បញ្ចប់ រៀន​គ្រប់ពេលវេលា គ្រប់​ទីកន្លែង។ សៀវភៅ​នេះ​ផង​ដែរ​ត្រូវ​បាន​ពូត​ជាដុំ​ផ្សំ​ពី៣ចំ​ពូ​កធំៗក្នុង​នោះ​រួមមាន៖ ចំពូក​ទី១ បន្ត​រៀន បន្ត​រស់ សង្គ្រោះ​ខ្លួនឯង ចំពូក​ទី០ បន្ត​រៀន បន្ត​រស់ សង្គ្រោះ​គ្រួសារ ចំពូក​ទី០ បន្ត​រៀន បន្ត​រស់ សង្គ្រោះ​សង្គមជាតិ អុញ...ហេតុអ្វីបានជា​ចំពូក​ទី២ និង​ចំពូក​ទី៣ ប្តូរ​ទៅជា​ចំពូក​ទី០ អ៊ីចឹង? មិត្ត​អ្នកអាន​ជាទី​គោរព‌ស្រឡាញ់! បើ​យើង​រួមផ្សំ​ធាតុ​ទាំង​បី​នេះ​បញ្ចូល​គ្នា យើង​ប្រាកដជា​ទទួល​បាន​លេខ១០០ (នេះ​ជាគោល​គំនិត​របស់ខ្ញុំ)។ ចំពូក​ទី១ ជា​ការ​បន្ត​រៀន ដើម្បី​ជួយសង្គ្រោះ​ខ្លួនឯង ដ្បិតថា​ប្រសិនបើ​យើង​មិន​អាច​ជួយសង្គ្រោះ​ខ្លួនឯង​បានទេ នោះ​យើង​ក៏​មិន​អាច​ជួយសង្គ្រោះ​គ្រួសារ​និង​សង្គមជាតិ​បាន​ឡើយ។ យើង​អាច​ធ្វើ​ប្រមាណវិធី​ក្នុង​ន័យ​នេះ​ថា ១០០ – ១ = ០០។ ដំណើរ​រាប់ពាន់​យោជន៍​ចាប់ផ្តើម​ពី​មួយ​ជំហាន។ ដំណើរ​ដើម្បី​ជួយសង្គ្រោះ​គ្រួសារ​និង​សង្គមជាតិ ចាប់ផ្តើម​ពី​ការ​ជួយសង្គ្រោះ​ខ្លួនឯង​ជាមុន​សិន ដ្បិត​បើ​ខ្លួនឯង​ខ្លាំង នោះ​អ្វីៗដែល​នៅ​ក្បែរ​ខ្លួន​នឹង​ខ្លាំង​ទៅជាមួយ​គ្នា។ បុគ្គល​ដែល​អស្ចារ្យ​មានខ្លួន​ជាទី​ពឹង​របស់​ខ្លួន មានខ្លួន​ជា​ក្តី​សង្ឃឹម​របស់​ខ្លួន មានខ្លួន​ជា​ធុង​ចម្រោះ​សម្រាប់​ច្រោះ​យក​ពុទ្ធិ​ល្អៗចូលក្នុង​ជីវិត​របស់​ខ្លួន។ គ្រួសារ​ដែល​សំណាង គឺ​មា​នកូនៗស្រឡាញ់​ការសិក្សា​រៀនសូត្រ ឱ្យ​តម្លៃ​លើ​ចំណេះវិជ្ជា តស៊ូ​ពុះពារ​ទោះបី​ត្រូវ​ព្យុះ ភ្លៀង ក្តៅ រងា វេទនា​យ៉ាងណាក៏ដោយ ក៏​មិន​បោះបង់​ការសិក្សា​ចោល​ដែរ។ សង្គមជាតិ​មួយ​ខ្លាំង លុះត្រាតែ​មាន​ធនធាន​ខួរក្បាល​មនុស្ស​ខ្លាំង។ មាន​ធនធាន​ខួរក្បាល​មនុស្ស​ខ្លាំង លុះត្រាតែ​មានចំណេះ​ដឹង​ខ្លាំង។ មានចំណេះ​ដឹង​ខ្លាំង លុះត្រាតែ​មានការ​ខិតខំ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ​ខ្លាំង។ ភាព​ខ្លាំង​ទាំងអស់​នេះ​ត្រូវ​ដុះ​ភ្ជាប់​ជាមួយនឹង​សីលធម៌ សុជីវធម៌ និង​គុណធម៌។ ការ​ប្រឹងប្រែង​យក​ចំពុះ​ដ៏​ខ្ចី​របស់​កូនមាន់​មក​ចឹក​បំបែក​សម្បក​ស៊ុត ធ្វើ​ឱ្យ​វា​មានជីវិត ប៉ុន្តែ​បើ​វា​មិន​ធ្វើ​ដូច្នោះ​ទេ វា​នឹង​ក្លាយជា​ពងមាន់​ចាំសម្បុក​ជាក់ជា​មិនខាន។ ដើមឈើ​ដ៏​ធំអស្ចារ្យ​អាច​ផ្តល់​ផ្លែផ្កា និង​ម្លប់ត្រជាក់​ត្រឈឹងត្រឈៃ​ជូន​មនុស្ស និង​សព្វ​សត្វ​ទាំងពួង​បាន កើត​ចេញពី​កូន​គ្រាប់​រុក្ខជាតិ​ដ៏​តូច​ល្អិត​មួយ​គ្រាប់​តែប៉ុណ្ណោះ។ ដំណើរ​នៃ​ការ​បន្ត​រៀន​គឺជា​ជំហាន​នៃ​ការ​បន្ត​រស់។ រស់​គឺ​រៀន តែ​កុំ​រៀន​ដើម្បី​តែ​រស់ រៀន​ដើម្បី​សង្គ្រោះ​ខ្លួនឯង​ពី​ភាព​អវិជ្ជា និង​តណ្ហា​ទាំងឡាយ។ កូន​ដែល​អស្ចារ្យ បន្ត​ខិតខំ​ប្រឹងប្រែង​សិក្សា សង្គ្រោះ​គ្រួសារ ឱ្យ​រុងរឿង​ថ្លៃថ្លា ប្រកបដោយ​សុភមង្គល។យើង​គ្រប់គ្នា​កើតមក​មិនមែន​ជា​មនុស្ស​អស្ចារ្យ តែ​យើង​អាច​ធ្វើសកម្មភាព​ជាមួយ​ក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ​ដើម្បី​ជួយសង្គ្រោះ​សង្គមជាតិ​របស់​ពួក​យើង។ ជា​ចុងបញ្ចប់​នៃ​អារម្ភកថា​នេះ ខ្ញុំបាទ​សូម​ប្រសិទ្ធពរ​ជ័យ​សិរី​មហាប្រសើរ​ជូន​ដល់​មិត្ត​អ្នកអាន​ទាំងអស់គ្នា ឱ្យ​ចួប​ប្រទះ​តែ​សេចក្តី​សុខ សេចក្តី​ចម្រើន កើន​បញ្ញា ថ្លា​គំនិត គិត​និង​ធ្វើអ្វី​មួយ​សុំ​សម្រេចជោគជ័យ​គ្រប់​ភារៈ​កិច្ច។ សូម​ឱ្យ​កម្លាំង​នៃ​ការ​ខិតខំ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ​របស់​បងៗប្អូនៗក្លាយជា​អំណាច​ដែល​អាច​ជួយសង្គ្រោះ​ខ្លួនឯង គ្រួសារ និង​សង្គមជាតិ​ទាំងមូល​បាន។

ក្រដាសសងាយដាម

និពន្ធដោយ៖ ឡាំ ឡាយ

តម្លៃ:​ ៣២០០០ រៀល
សប្បាយរីករាយ ជួប​គ្រោះភ័យ អាសន្ន​ជាន់​ក្រ ឬក៏​មានបាន គឺជា​ខ្សែកោង​ដែល​កំណត់​ថា “បើ​យើង​ក្រ តើ​ត្រូវ​ប្រឹង​យ៉ាងម៉េច? ហើយ​ប្រសិនជា​យើង​មានបាន ត្រូវ​រស់នៅ​បែប​ណា?” គ្រោះថ្នាក់​ក្នុង​សង្គម គឺជា​ការ​សាបព្រោះ​ចំណេះដឹង​ខុស ខុស​មនុស្ស ខុស​សម័យកាល​ជាដើម។ បើ​សាបព្រោះ​ចំណេះដឹង​ខុស ១ជំនាន់ ២ឬ៣ជំនាន់ គឺ​នឹង​នាំ​សង្គម​ដើរទៅ​រក​ផ្លូវខុស ហើយនឹង​បន្លាយ​ជា​ស្លាកស្នាម​ដែល​លុប​ពុំ​ជ្រះ។ តើ​មូលហេតុ​អ្វី​បាន​ជា​ខ្ញុំ​និយាយ​ដូច្នេះ? វប្បធម៌​បែប​ណា វាសនា​បែប​នោះ។ អ្វី​ដែល​យើង​មាន​សព្វថ្ងៃ​នេះ គឺជា​អ្វី​ដែល​បាន​បង្កើត​ឡើង​កាលពី​ម្សិលមិញ ហើយ​លទ្ធផល​ដែល​មាន​ពីម្សិលមិញ គឺ​បាន​ពី​ម្សិលម្ង៉ៃ។ ក្នុង​ស្នាដៃ​នេះ ខ្ញុំ​ចង់​ពញ្ញាក់​ស្មារតី​ពិចារណា វែកញែក​រកហេតុផល​ក្នុង​សង្គម​ដែល​ជាដើម​ចម​នៃ​ការសម្រេច​ចិត្តជឿ ឬប្រព្រឹត្តិ​ទៅលើ​សកម្មភាព​អ្វីមួយ។ ស្លាកស្នាម​សង្គម គ្មាន​ជន​ណា​ម្នាក់​ដែល​អាច​កត់ត្រា​បាន ក្រៅពី​ជា​មនុស្ស​ក្នុង​សង្គម​មួយ​នោះ​តែម្ដង។ ប្រសិនជា​យើង​ប្រព្រឹត្តិ​បែប​ណា​ស្លាកស្នាម ឬផ្លែផ្កា​សង្គម​ក៏​បែប​នោះ​ដែរ។ ក្មេងៗឬយុវជន​ប្រៀប​បាន​ដូចជា​ក្រ​ដា​សស។ “កាលណា​តែ​មនុស្សចាស់​ប្រព្រឹត្តិ​ទង្វើ​បែប​ណា នោះ​លទ្ធផល​នឹង​ហុច​ផល​ទៅ​កាន់​ក្មេងៗដែល​ពុំ​ដឹង​អ្វី​សោះ ចេះ​ត្រឹម​ស្ដាប់​តែ​ម្យ៉ាង​និង​មើល”។ ចុះ​រី​ឯចំពោះ​សង្គម​វិញ? ចំពោះ​សង្គម​ក៏​ពុំ​ខុសគ្នា​ឡើយ ដ្បិត​មនុស្សចាស់​ប្រកាន់​ទម្លាប់​ពុំ​ល្អ ប្រកាន់​ជំហរ​ជា​មនុស្ស​អាត្មានិយម នោះ​យុវជន​ក៏​ចម្លង​តាម។ ចម្លង​តា​មយូរៗ នោះ​នឹង​ក្លាយជា​វប្បធម៌​សង្គម។ វប្បធម៌​នៃ​ការដឹកនាំ​សង្គម ឬការរស់នៅ​បែប​ណា នោះ​នឹង​ក្លាយជា​វាសនា​សង្គម​នា​ថ្ងៃ​អនាគត។ តើ​វប្បធម៌​ជឿ​លង់ លាប​ពណ៌ គឺជា​ពណ៌​រុងរឿង​សម្រាប់​សង្គម​ថ្ងៃក្រោយ? ស្នាដៃ​នេះ ខ្ញុំ​ចាត់ទុកជា​ប្រេង ប្រសិនជា​ចង្កៀង​បងប្អូន​ខ្វះ​ប្រេង។ ជីវិត​យើង​គ្រប់គ្នា​ក្នុង​សង្គម​សុទ្ធតែ​ជំ​ពាក់់​គុណបំណាច់​សង្គម និង​ត្រូវ​សាង​ត្រឡប់​តាមរបៀប​ត្រឹមត្រូវ ឬយក​របៀប​សីលធម៌​ជា​គ្រឹះ។ ចង់​កសាង​អ្វីមួយ សូមលា​ដៃ​ឱ្យ​អស់ និង​ប្រឹងប្រែង។ ខ្ញុំ​សូមជូនពរ​បងប្អូន​ទទួល​បាន​ចំណេះដឹង​ពី​ស្នាដៃ​មួយ​ក្បាល​នេះ និង​អាចយ​កគំនិត​នេះ​ប្រើប្រាស់​ក្នុង​សង្គម​ក្នុងនាម​ជា​យុវជន​ដែល​ថ្នឹក​នឹង​ខ្លួនឯង ពិចារណា​គ្រប់​ជំហាន។

ស្វែងរកខ្លួនឯង

និពន្ធដោយ៖ ឡាំ​ លីម

តម្លៃ:​ ៣២០០០ រៀល
មនុស្សយើង បើ​មិន​ស្គាល់​ខ្លួនឯង​ទេ នឹង​បង្កើត​មហិច្ឆតា​ចង់បាន​នេះ ចង់បាន​នោះ ចង់​ក្លាយទៅជា​មនុស្ស​បែបនេះ មនុស្ស​បែប​នោះ រហូត​ចុងក្រោយ​នឹង​ក្លាយទៅជា​ជន​វិបល្លាស វង្វេង​សេចក្តី​ពិត​ក្នុង​ពិភព​លោកិយ។ ចាស់​បុរាណ​ពោល​ថា “កុំ​បង្រៀន​ត្រី​ឱ្យ​ចេះ​ហែលទឹក កុំ​បង្រៀន​ឆ្កែ​ឱ្យ​ចេះ​ព្រុស កុំ​បង្រៀន​ស្វា​ឱ្យ​ចេះ​ឡើងដើមឈើ...” ដែល​អត្ថន័យ​គឺថា «មនុស្សម្នាក់​កើតមក​ជាមួយនឹង​ចំណុច​ខ្លាំង​រៀងៗខ្លួន ទេ​ពកោល​ស្ល​អស្ចារ្យ​រៀងៗខ្លួន»។ ក្នុង​ការ​អភិវឌ្ឍ​ខ្លួន មនុស្ស​ត្រូវ​ស្វែងរក​ចំណុចខ្លាំង​របស់​ខ្លួន​ឱ្យ​ឃើញ ហើយ​ដុសខាត់​ចំណុចខ្លាំង​ឱ្យ​កាន់តែ​ខ្លាំង​ថែមទៀត ប៉ុន្តែ​មិនមែន​ស្វែងរក​ចំណុចខ្សោយ​របស់​ខ្លួន​ឃើញ​ហើយ ហើយ​ចំណាយពេល​វេលា​ទៅ​ពង្រឹង​ចំណុចខ្សោយ​ឱ្យ​ខ្លាំង​ឡើយ។ តើ​ជា​អំពើ​ត្រឹមត្រូវ​ទេ​ដែល​ត្រូវ​បង្រៀន​សត្វ​ត្រី​ឱ្យ​ចេះ​រត់ និង​បង្រៀន​សត្វ​អណ្តើក​ឱ្យ​ចេះ​ឡើងដើមឈើ? ទស្សនវិទូ ចច ប៊ឺ​ណា​ដសូ (George Bernard Shaw) បាន​លើកឡើង​អំពី​សេចក្តី​ប្រាថ្នា​របស់​មនុស្ស​ថា “ជីវិត​មិនមែន​ជា​ការស្វែងរក​ខ្លួនឯង​ទេ តែ​ជា​ការ​កសាងខ្លួន​ឯង​ឱ្យ​ក្លាយទៅជា​អ្វី​ដែល​យើង​ប្រាថ្នា”។ ខ្លះ​ប្រែ​ប្រយោគ​នេះ​ថា “ កុំ​រស់នៅ​ដើម្បី​ស្វែងរក​ខ្លួនឯង ត្រូវ​រស់នៅ​បង្កើត​ខ្លួនឯង”។ ការ​ប្រែ​បែបនេះ​ពិបាក​នឹង​យល់​បន្តិច ព្រោះ​បកប្រែ​ពាក្យ (ប្រែ​យោង​តាម​ទម្រង់​ភាសា ឬអត្ថ​នុ​រូប – Formal or Literal Translation) មិនមែន​ប្រែ​អត្ថន័យ (ប្រែ​យោង​តាម​អត្ថន័យ ឬសម​ន័យ – Dynamic Equivalence Translation)។ ក្នុង​ភាសាអង់គ្លេស ពាក្យ​ថា “find yourself” ក្នុង​ន័យ​ត្រូវ​បំផុត​គឺ «ការស្វែងរក​សេចក្តី​សុខ​ក្រៅ​ខ្លួន ឬសេចក្តី​សុខ​លោកិយ ឬអ្វី​ដែល​ត្រឹម​ជា​សម្បក» ដូចជា​លុយកាក់ ទ្រព្យសម្បត្តិ កេរ្តិ៍ឈ្មោះ កិត្តិយស ចំណង់​កាម សេចក្តី​ប្រាថ្នា​នានា​ជាដើម...ហើយ​អ្វី​ដែល​ជា​សម្បក វា​ច្រើនតែ​នាំទុក្ខ​ទោស​មកវិញ។ ពាក្យ​ដែល​និយម​ប្រើ​បំផុត​អំពី​ការស្វែងរក​ខ្លួនឯង គឺ “self​–discovery” ដែល​មានន័យថា​ស្វែងយល់​អំពី​ចរិតលក្ខណៈ​ខាងក្នុង​ផ្ទាល់ខ្លួន ឬស្គាល់​ចរិត​ខ្លួនឯង គុណ​តម្លៃ​របស់​ខ្លួន (self​–realization)។ self​–discovery មាន​អត្ថន័យ​ស្រដៀងនឹង​ពាក្យ “Self​–acquired” ហើយ​បកប្រែ​ឱ្យ​បាន​ត្រឹមត្រូវ​គឺ “ស្វ័យ​មគ្គ” ពោល​គឺ​រក​មាគ៌ា​ផ្ទាល់ខ្លួន ហើយ​ដើរតាម​មាគ៌ា​ផ្ទាល់ខ្លួន។ ស្វ័យ​មគ្គ​នេះ​ច្រើនតែ​ប្រើ​ក្នុង​ភាសា​ចិត្ត​វិញ្ញាណ ភាសា​សាសនា និង​ប្រើ​ច្រើន​បំផុត​សម្រាប់​អ្នកធ្វើ​សមាធិ ចម្រើន​ភាវនា​ដោយ​យក​ការ​ពិសោធ​ជាគោល។ រី​ឯចំពោះ​ទស្សនវិទូ​ក្រិក​បុរាណ សូ​ក្រាត បាន​ប្រើពាក្យ «ស្វែងរក​ខ្លួនឯង» ថា​ជា «Know thyself” ដែល​សំដៅលើ​អត្ថន័យ​នៃ​ការ​ស្គាល់​ចរិតលក្ខណៈ​ខាងក្នុង​របស់​ខ្លួន ស្គាល់​ខ្លួនឯង​ខ្លាំង​អ្វី ខ្សោយ​អ្វី និង​ដឹង​ប្រមាណ​ចំពោះ​កិច្ចការ។ ទ្រឹ​ស្តី​ពុទ្ធនិយម​ក៏​មាន​បង្ហាញ​អំពី​ការ​ស្គាល់​ខ្លួនឯង ជាពិសេស​ការ​យកជ័យ​លើ​ខ្លួនឯង​ដោយ​ប្រើពាក្យ​ថា “មត្តញ្ញុតា”។ ក្នុង​ន័យ​នេះ អ្នក​ជោគជ័យ​តែង​ស្វែងរក​ខ្លួនឯង ស្គាល់​ខ្លួនឯង ហើយ​អ្នក​ស្វែងរក​ខ្លួនឯង​ឃើញ ស្គាល់​ខ្លួនឯង​ហើយ តែងតែ​ទទួលជោគជ័យ។ តើ​ការស្វែងរក​ខ្លួនឯង និង​ការ​កសាងខ្លួន​ឯង មាន​ទំនាក់ទំនង​គ្នា​បែប​ណា? សុភាសិត​ខ្មែរ​លោក​ពោល​ថា “ឃើញ​ដំរី​ជុះ កុំ​ជុះ​តាម​ដំរី”។ បុគ្គល​ដែល​មិន​ចំណាយពេល​រក​ខ្លួនឯង​ឱ្យ​ឃើញ ហើយ​ចេះតែ​មានចិត្តចង់​កសាងខ្លួន​ឯង​ឱ្យ​ក្លាយទៅជា​មនុស្ស​បែបនេះ ឬមនុស្ស​បែប​នោះ ច្រើនតែ​វិបល្លាស វង្វេង បានតែ​ការ​ខកចិត្ត។ ព្រោះ​អ្វី? ពីព្រោះ​មិនដឹង​ប្រមាណ អមត្តញ្ញូ​ជាមុន​សិន មុននឹង​គិត​ប្រើ​ទ្រឹ​ស្តី “បង្កើត​ខ្លួនឯង គិតតែពី​សម្រុក​កសាងខ្លួន​ឯង”។ មនុស្ស​ចង់​ឡើងភ្នំ​ខ្ពស់ តែ​មិនដឹង​ថា “តើ​ភ្នំ​កម្ពស់​ណា? ត្រូវការ​ពេល​ច្រើន​ប៉ុនណា? ត្រូវការ​ឧបករណ៍​ត្រៀម​ការពារ​ហានិភ័យ​អ្វីខ្លះ? និង​ត្រូវការ​កម្លាំង​ប៉ុនណា? នេះ​ជា​បញ្ហា​មក​ពី​មិន​សិក្សា​ពី​ខ្លួនឯង មិន​ស្វែងរក​ខ្លួនឯង គិតតែពី «ចង់»។ ទ្រឹ​ស្តី​សង្គ្រាម​តែង​លើកឡើង​ថា “ស្គាល់​គេ ស្គាល់​ខ្លួនឯង ច្បាំង១០០ដង ឈ្នះ១០០ដង”។ មិន​ស្វែងរក​ខ្លួនឯង មិន​សិក្សា​ពី​ខ្លួនឯង មិន​ស្គាល់​ខ្លួនឯង ច្បាំង១០០ដង ចាញ់​ទាំង១០០ដង។ អាងតែ​ប្រាជ្ញ យល់​មុន​គិត មិនទាន់​គិត សន្មត​ថា​យល់។

អំណានជាអំណាច

និពន្ធដោយ៖ ឡាំ​ លីម

តម្លៃ:​ ៣២០០០ រៀល
សៀវភៅ “អំណាន​ជា​អំណាច” បែងចែក​ជា ៣ជំ​ពូ​កធំៗ ដែល​ផ្តោត​សំខាន់​លើ៖ ជំពូក​ទី១ និយាយ​អំពី តើ​ហេតុអ្វី​ត្រូវ​អាន?; ជំពូក​ទី២ និយាយ​អំពី តើ​ត្រូវ​អាន​យ៉ាងដូច​ម្តេច?; និង​ជំពូក​ទី៣ និយាយ​អំពី តើ​អ្នកណា​ជា​ស្មេរ​ទស្សនៈ? គ្រប់​សំណួរ​ទាំងអស់ សុទ្ធតែ​មាន​ចម្លើយ​នៅក្នុង​សៀវភៅ​នេះ ពោល​គឺ​រៀបរាប់​ពី​មូលហេតុ​ដែល​យើង​ត្រូវ​អាន​សៀវភៅ វិធី​សាស្រ្ត​អាន​សៀវភៅ​ឱ្យ​មានប្រសិទ្ធភាព​ខ្ពស់ និង​គោលគំនិត​សំ​ខាន់ៗអំពី​ការ​សរសេរ ឬការ​និពន្ធ​បង្កើត​ជា​ស្នាដៃ។ បណ្ដុំ​គំនិត ទស្សនៈ និង​ការយល់ឃើញ​ដែល​បាន​រៀបរាប់​ក្នុង​សៀវភៅ​នេះ គឺ​សុទ្ធតែ​កើត​ចេញពី​បទ​ពិសោធ​នៃ​ការ​អាន​របស់ខ្ញុំ​ផ្ទាល់​តែម្តង ព្រមទាំង​បទ​ពិសោធ​នៃ​ការដឹកនាំ​វេទិកា​អំណាន​តាំងពី​ឆ្នាំ២០១៧ មក​ម៉្លេះ។ បើ​យើង​ចង់​ចេះ​សរសេរ ត្រូវ​ចាប់ផ្តើម​អាន ហើយ​បើ​ចង់​ដឹងពី​វិធី​នៃ​ការ​អាន​ឱ្យ​មានប្រសិទ្ធភាព ចូរ​អាន​សៀវភៅ​នេះ​ឱ្យ​ចប់​ចេះចាំ​ច្បាស់លាស់។ អ្នក​ដែល​គួរ​អាន​សៀវភៅ​នេះ គឺ​គួរតែ​ជា​បណ្ណារក្ខ, អ្នកចូលចិត្ត​អាន ឬអ្នក​ធ្លាប់​អាន​សៀវភៅ​ច្រើន តែ​មិនសូវ​បានផល, អ្នក​រៀបចំ​កម្មវិធី​បណ្តុះ​ការ​អាន​ដល់​យុវជន, អ្នក​ចង់​ក្លាយ​ខ្លួន​ទៅជា​អ្នកនិពន្ធ, អ្នក​ចង់​ចែករំលែក​ចំណេះដឹង​អំពី​ការ​អាន​សៀវភៅ​ដល់​មនុស្ស​ជុំវិញ​ខ្លួន។ បើ​ស្រឡាញ់​នរណា​ម្នាក់ មិនថា​ជា​ក្តី​ស្រឡាញ់​បែប​ប្រុសស្រី ជា​ក្តី​ស្រឡាញ់​ក្នុង​ន័យ​គ្រួសារ ជា​ក្តី​ស្រឡាញ់​ក្នុងនាម​មិត្តភក្តិ ជា​ក្តី​ស្រឡាញ់​ក្នុងនាម​ជា​បងប្អូន មិនថា​ជា​ក្តី​ស្រឡាញ់​ក្នុង​ន័យ​ណា​ទេ ឬសូម្បីតែ​មនុស្ស​ដែល​បងប្អូន​មិន​ចូលចិត្ត គឺ​សូម​ប្រគល់​សៀវភៅ​នេះ​ជូន​ដល់​បុគ្គល​ខាងលើ។